ខេត្តបាត់ដំបង គ្រោងដាក់ផលិតផល៤មុខផ្សេងទៀតក្នុងបញ្ជីម៉ាក សមូហភាព

 ដោយៈ វិវត្តន៍

បាត់ដំបងៈ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង គ្រោងជ្រើសរើសផលិតផ​ល​ចំនួន៤ប្រភេទទៀត ក្នុងបញ្ជីរម៉ាកសមូហភាព ជាផលិតផលសំគាល់ភូមិសាស្រ្ត។

ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោកគឹម ហួតបានមានប្រ​សាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៩ មិនានេះថា ផលិតផលចំនួន៤ ដែលគ្រោងបញ្ជូនចុះបញ្ជី ជាម៉ាកសមូហភាព មានដូចជា អង្ករថ្មគោល ធូរេនសំឡូត ម្រេចសំឡូត និងតាង៉ែនបាត់ដំបង ខណៈដែលបច្ចុប្បន្ននេះ ខេត្តកំពុងរៀបចំឲ្យមានការបោះឆ្នោត ជ្រើសប្រធានសមាគមម្នាក់ ដើម្បីគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព “ដូងខ្ទិះបាត់ដំបង” ជាមុនសិន។

លោកបន្តថា ក្រោយបើកសិក្ខាសាលាស្តីពី ដូងខ្ទិះបាត់ដំបង កាលពីខែកុម្ភៈកន្លងទៅ ខេត្តបានជ្រើសរើសតំណាងចំនួន១៣នាក់រួចហើយ ក្នុងស្រុកចំនួន៣ រួមមាន ស្រុកឯកភ្នំ ៧នាក់ ស្រុកសង្កែ ៣នាក់ និងស្រុកបាណន់ ៣នាក់ ដោយរងចាំខាងក្រសួងចុះមកបោះឆ្នោត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគឹម ហួតបានឲ្យដឹងទៀតថា ពេលដែលក្រសួងជ្រើសរើសប្រធានសមាគមបាន ជាតំណាងស្របច្បាប់ ទើបបុគ្គលនោះដាក់ពាក្យសុំបញ្ជីម៉ាកបាន(មានអត្តសញ្ញាណប័ណ្ណ និងទីតាំងតំបន់អាជីវកម្ម…) ដើម្បីឈានដល់ ការប្រើប្រាស់ជាឧបករណ៍ទីផ្សាររួម និងអាចចូលរួមប្រកួតប្រ​ជែ​ងមុខម្ហូបកម្រិតជាតិ និងអន្ដរជាតិ។

លោកបន្តថា ដូងខ្ទិះបាត់ដំបង មានអាយុកាលដ៏យូរលង់ណាស់មកហើយ ដែលភាគច្រើនសំបូរក្នុងស្រុកចំនួន៣ខាងលើ សរុបមានចំនួនប្រមាណតែ៥០០ដើមប៉ុណ្ណោះ។ ដូងខ្ទិះ ជាដូងដែលគេដាំក្នុងភូមិ មិនមែនជាចំការទេ ដោយផ្ទះខ្លះមានចំនួនតែ៣ ឬ១០ដើម និងរហូតដល់៣០ដើម ក៏មានដែរ។ ដោយឡែក រយៈពេលប្រមូលផល គឺពី៤ទៅ៦ខែ ហើយក្នុង១ធ្លាយមានតែ២ ទៅ៣ផ្លែ។ រីឯតម្លៃលក់នៅតាមទីផ្សារចន្លោះ ២៥,០០០ ដល់ ៣៥០០០រៀលក្នុង១ធ្លាយ។

ជាមួយគ្នានេះ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយក  ដ្ឋានកម្មសិទ្ធិបញ្ញា លោកសួន វិជ្ជា បានមានប្រសាសន៍ថា ការកំណត់យកផលិតផល “ដូងខ្ទិះបាត់ដំបង” ក្នុងខេត្តបាត់ដំបង ដើម្បីរៀបចំចុះបញ្ជីជាម៉ាកសមូហភាព ដោយសារដូងខ្ទិះ ជាដំណាំដែលមានប្រវត្តិ និងអាយុកាលដាំដុះក្នុងភូមិសាស្រ្តខេត្ត និងជាផលិតផលកម្រនិងលំបាក ក្នុងការដាំដុះ ដោយត្រូវការដីដែលមានជីវជាតិខ្លាំង ទើបអាចដាំដុះ និងប្រមូលផលបានល្អ។

លោកបន្តថា លក្ខណៈពិសេសរបស់ដូងខ្ទិះបាត់ដំបង គឺមិនត្រូវបានគេយកទៅកោសរួច ច្របាច់យកខ្ទិះដូចដូងធម្មតានោះទេ គឺពេលពុះវារួច ញុំាតែម្តង និងអាចយកទៅលាយជាមួយផ្លែឈើ ដើម្បីធ្វើជាបង្អែមបាន ដោយមានក្លិនក្រអូបឈ្ងុយជាប់មាត់ និងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។

បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីការពារម៉ាកសមូហភាពចំនួន ៣ធំៗគឺ៖ “គុយទាវភ្នំពេញ” ក្នុងរាជធានីភ្នំពេញ “អំបុកកំពង់ធំ” ក្នុងខេត្តកំពង់ធំ និង “អង្ករព្រះវិហារ” ក្នុងខេត្តព្រះវិហារ និងក្រសួងគ្រោងនឹងចុះបញ្ជីម៉ាកសមូហភាព ៤បន្ថែមទៀត រួមមាន៖ “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” ក្នុងឃុំកំពង់លួង និងឃុំកោះចិន ខេត្តកណ្តាល “ក្រូចពោធិ៍សាត់” ក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង “នំបញ្ចុកសៀមរាប” ក្នុងខេត្តសៀមរាប និង “ដូងខ្ទិះបាត់ដំបង” ក្នុងខេត្តបាត់ដំបង៕

LEAVE A REPLY

Please enter your comment!
Please enter your name here