កម្ពុជារកចំណូលលើស១,២ពាន់លានដុល្លារអាមេរិកពីការ នាំចេញស្រូវ អង្ករ

ដោយៈ តែម សុខុម

ភ្នំពេញៈ កម្ពុជា រកចំណូលបានជាង១,២ពាន់លានដុល្លារអាមេរិក គួរឱ្យកត់សម្គាល់ពីការនាំចេញស្រូវ និងអង្ករទៅកាន់គោលដៅចំនួន៥៩ ដោយភាគច្រើននៃគោលដៅទាំងនោះ ស្ថិតក្នុងប្រទេសចិន សហភាពអឺរ៉ុប និងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ថ្វីបើសន្ទុះសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកថមថយយ៉ាងណាក្ដី។

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា កម្ពុជា បានដាក់ចេញគោលដៅនាំចេញអង្ករ ឱ្យបានចំនួន៧០០.០០០តោនក្នុងមួយឆ្នាំ ហើយជាលទ្ធផលអង្ករចំនួន៥៣០.០០០តោន ឬ ស្មើរនឹង៧៦%នៃគោលដៅនាំចេញត្រូវបាននាំចេញ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៣ ដោយរកចំណូលបាន៣៧៧,៥លានដុល្លារ។ នេះបើយោងតាមកាសែតថៃ The Nation ចុះផ្សាយនៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញនេះ រួមមាន អង្ករ១៧៧.២៨៥តោនតម្លៃ១១៥.៣០លានដុល្លារ នាំចេញទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តនានារបស់ប្រទេសចិន អង្ករ២១៧.០៦៨តោន តម្លៃ១៥៥,៥៨លានដុល្លារ នាំចេញទៅកាន់២៦ប្រទេស ក្នុងសហភាពអឺរ៉ុប អង្ករ៦២.៤៩២តោនតម្លៃ៤២,៣២លានដុល្លារ នាំចេញទៅកាន់៦ប្រទេស ក្នុងតំបន់អាស៊ាន និងអង្ករ៧៣.០៧៩តោនតម្លៃ៦៤,៣០លានដុល្លារ នាំចេញទៅកាន់២៥គោលដៅបន្ថែមទៀត រួមមាន ទាំងអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាផងដែរ។

នៅខែតុលា ឆ្នាំ២០២៣ កម្ពុជា បាននាំចេញអង្ករដំបូងទៅកាន់ប្រទេសឥណ្ឌូនេស៊ី ចំនួន៦.៥០០តោនក្នុងតម្លៃ៤,២២លានដុល្លារ។

លោកឧកញ៉ាចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្គរកម្ពុជា (CRF) បានធ្វើការកត់សម្គាល់ថា ការបញ្ជាទិញអង្ករនៅតែកើនឡើង ទោះបីជាសេដ្ឋកិច្ចពិភពលោក ថមថយសន្ទុះយ៉ាងណាក្ដី ដោយតម្រូវការពីទីផ្សារអឺរ៉ុប កើនឡើងខ្លាំងក្នុងឆ្នាំនេះ។

លោកថ្លែងថា “យើងបាននាំចេញអង្ករ ប្រមាណ៥៣០.០០០តោនក្នុងរយៈពេល១០ខែចុងក្រោយនេះ។ ជាពិសេស ការនាំចេញអង្ករស (White Rice) បានកើនឡើងខ្លាំង។ ទីផ្សារអឺរ៉ុប បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ហើយយើងរំពឹងថា នឹងនាំចេញបន្ថែមទៀតទៅកាន់ផ្សារប្រទេសចិន ក្នុងរដូវកាលខាងមុខ”។

លោកគូសបញ្ជាក់ថា ការនាំចេញស្រូវក្នុងចំនួនយ៉ាងច្រើនទៅកាន់បណ្ដាប្រទេសជិតខាង ក៏បានជះផលប៉ះពាល់ ដល់វិស័យនាំចេញអង្ករផងដែរ៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here