ខេត្តព្រះសីហនុ​ចេញដំណើរលើការ​រៀប​ចំយុទ្ធនាការ​ជម្រុញ​ផលិត​ផល​ជាតិ​

ដោយៈ ម៉ាណា

    ព្រះសីហនុៈ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកមីន កុម្ភៈ អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ“យុទ្ធនាការផលិតផលជាតិ MadeInCambodia”។

ក្នុងឱកាសនោះ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសយ៉ាងក្រៃលែង ដែលបានសហការជាមួយក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ​ “យុទ្ធការ​ផលិតផល” Made in Cambodia ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា “ព្រឹត្តិការណ៍នេះមិនត្រឹមតែជាវេទិកា សម្រាប់លើកកម្ពស់ផលិតផល ដែលផលិតនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃ ក្នុងការបង្ហាញពីសក្តានុពលសេដ្ឋកិច្ច”។ លោកបន្ថែមថា “ការវិនិយោគ វិស័យពាណិជ្ជកម្ម និងសមត្ថភាពផលិតកម្មរបស់កម្ពុជា ជូនដល់សាធារណជន និងដៃគូជាតិ-អន្តរជាតិផងដែរ”។

លោកបានបន្តថា ក្នុងនាម​រដ្ឋបាល​ខេត្ត ដែលមានសក្តានុពលខ្ពស់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងភស្តុភារកម្ម រដ្ឋបាលខេត្តព្រះសីហនុយល់ឃើញថា យុទ្ធនាការ “Made in Cambodia” គឺជាយន្តការដ៏សំខាន់មួយ ក្នុងការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងពង្រឹងសមត្ថភាពប្រកួតប្រជែង របស់សហគ្រាសកម្ពុជា ស្របតាមទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោក។

ការគាំទ្រផលិតផល “Made in Cambodia” មិនមែនគ្រាន់តែជាការជ្រើសរើសទិញផលិតផល ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កើ​នភាពរឹងមាំរបស់សហគ្រាស និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកប​ដោយចីរភាព។

ជាពិសេស សម្រាប់ខេត្តព្រះសីហនុ ដែលកំពុងអភិវឌ្ឍជាប៉ូលសេដ្ឋកិច្ចជាតិ និងជាច្រកទ្វារពាណិជ្ជកម្មអន្តរជាតិ ការលើកកម្ពស់ផលិតផលកម្ពុជានឹងរួមចំណែក ទាក់ទាញការវិនិយោគពង្រីកទីផ្សារនិងបង្កើនឱកាសនាំចេញកាន់តែទូលំទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here