ដោយៈ ចំណាន
ប៉េកាំងៈ លោកបណ្ឌិត ហេង វុទ្ធី ទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយលោក លី សួយ (Li Shuai) អគ្គនាយករងក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន (CCPIT) ទទួលបន្ទុកកិច្សការអន្តរជាតិ។
ជំនួបនេះធ្វើឡើង ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន។
ជំនួបនេះមានគោលបំណងនៃ ជំនួបពិភាក្សានេះ គឺដើម្បីជំរុញទំនាក់ទំនងស្ថាប័នទាំងពីរ និង កិច្ចសហប្រតិបត្តិការធុរកិច្ច និង វិនិយោគរវាងប្រទេសទាំងពីរ។
លោកបណ្ឌិត ហេង វុទ្ធី បានគូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ចិន ដែលនៅតែជាមូលដ្ឋានគ្រឹះ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ស្ថាប័នទាំងពីរបានគូសបញ្ជាក់ ពីប្រវត្តិសហប្រតិបត្តិការដ៏ជោគជ័យរបស់ខ្លួន ដែលបានចុះអនុស្សរណៈយោគយល់គ្នា កាលពីឆ្នាំ២០១៦ កន្លងទៅ និងបានសហការរៀបចំកិច្ចប្រជុំវេទិកា បូអៅ (Boao) សម្រាប់អាស៊ី (BFA) នៅភ្នំពេញជាលើកដំបូងក្នុងឆ្នាំ ២០១៨ ហើយបានប្តេជ្ញាបន្តការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការផ្លាស់ប្តូរព័ត៌មាន ការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ៕







