ដោយៈ ម៉ាណា
ភ្នំពេញៈ លោកបណ្ឌិតឈៀង ច័ន្ទតារា ប្រធានសមាគមសហគ្រិនបញ្ញវន្តកម្ពុជា បានអញ្ជើញដឹកនាំ អនុប្រធានសមាគម ចូលជួបជជែកពិភាក្សាការងារ ជាមួយលោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការួមគ្នា លើកតម្កើងវិស័យមីក្រូសហគ្រាសនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនរឹងមាំ។
កិច្ចពិភាក្សានេះ ធ្វើឡើងសម្រាប់ជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការជួយជាតិ និងប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានបាវចនាទាំងចំនួន ៥ រួមមាន “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។
ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិត ភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ៗ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕









