ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោកឌិត ទីណា និងលោក Nicolas FORISSIER រដ្ឋមន្រ្តីប្រតិភូក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ នៃប្រទេសបារាំង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មសិក្សាសមិទ្ធលទ្ធភាពគម្រោង “ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ”។
គំរោងនេះ សហការរវាងក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន SEMMARIS នៅសណ្ឋាគារសាងគ្រីឡា ភ្នំពេញ។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី មានសេចក្តីសោមនស្សនូវពិធីដ៏មានសារៈសំខាន់ សម្រាប់វិស័យកសិកម្ម ជាពិសេសការរួមគ្នាក្នុងការប្រែក្លាយចក្ខុវិស័យរួមមួយ ឱ្យលេចចេញជារូបរាង នោះគឺគម្រោងបង្កើត “ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ” ដែលជាគ្រឹះស្ថានរឹងចក្ខុវិស័យភ្ជាប់ ដ៏មានសុវត្ថិភាពពីកសិដ្ឋានទៅកាន់តុអាហារ។
លោកបន្តថា “ការប្តេជ្ញាចិត្តនិងកិច្ចសហការរួមគ្នា យ៉ាងជិតស្និទ្ធរវាងវិស័យឯកជនកម្ពុជា និងបារាំង ស្តែងចេញជាគំរូល្អមួយសំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និរន្តរភាពសេដ្ឋកិច្ច ធានាបាននូវសន្តិសុខស្បៀង និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”។
ក្រសួងកសិកម្មនឹងផ្តល់ការគាំទ្រ លើការសម្របសម្រួលបច្ចេកទេស ដើម្បីធានាថាដំណើរការសិក្សា សមិទ្ធិលទ្ធភាពនេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងសម្រេចបានតាមផែនការគ្រោងទុក៕








