ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មល បានអនុញ្ញាតជូនលោក Brian D. McFeetersប្រធាន និងនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំមកពីបណ្តាក្រុមហ៊ុនអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងរកឱកាសវិនិយោគថ្មី និងពង្រីកការវិនិយោគនៅកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រ និងការពារផលប្រយោជន៍របស់វិស័យឯកជន រួមមាន ធុរជន វិនិយោគិន និងអ្នកប្រើប្រាស់ពីគ្រប់ទីមជ្ឈដ្ឋានលើសកលលោក តាមរយៈការរៀបចំ ការកែទម្រង់ និងការអនុវត្តគោលនយោបាយ ពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការត្រៀមខ្លួនសម្រាប់ការចាកចេញរបស់កម្ពុជា ពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (Least Developed Country – LDC) នាពេលខាងមុខ ស្របតាមទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយចីរភាព ព្រមទាំងបន្តពង្រឹងកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច ការវិនិយោគ និងការប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ និងអំណោយផល។

លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា កិច្ចជំនួបនេះ បានឆ្លុះបញ្ចាំងពីការបន្តពង្រឹងភាពជាដៃគូរវាងកម្ពុជា និងវិស័យធុរកិច្ចរបស់សហរដ្ឋអាម៉េរិក សំដៅជំរុញការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតបលោក Brian D. McFeeters បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាព នៃបរិយាកាសវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យក្រុមហ៊ុនអាម៉េរិកមានជំនាញ បទពិសោធន៍ នវានុវត្តន៍ និងសមត្ថភាពប្រកួតប្រជែងខ្ពស់៕








