ដោយៈ និស្ស័យ
ព្រះសីហនុៈ លោក យស់ សុធា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងវិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីប្រសិទ្ធភាពការងារ Using AI for Efficiency at Work” ។
វគ្គនេះធ្វើជូនមន្រ្តីរាជការមកពីរដ្ឋបាលខេត្ត ក្រុង ស្រុក កងកំលាំងអាវុធហត្ថ ស្នងការនរគបាលខេត្ត មន្ទីរ អង្គភាពនានាជុំវិញខេត្ត សមាគមនារីដើម្បីកម្ពុជាអភិវឌ្ឍន៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមសិស្សនិស្សិតអាហារូបករណ៏សម្តេចតេជា(អ ម ត)។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលពីរថ្ងៃគឺថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៦ មានសិក្ខាកាមសរុបចំនួនៈ៨០នាក់ និងមានប្រធានបទដូចជា: ១-មូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត ២-ការប្រើប្រាស់កម្មវិធីបញ្ញសិប្បនិម្មិត ដើម្បីប្រសិទ្ធភាពការងារ ៣-អភិបាលកិច្ចបញ្ញាសិប្បនិម្មិត និង៤-ការអនុវត្តផ្ទាល់របៀបប្រើប្រាស់បញ្ញាសិប្បនិម្មិត។
លោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ជូនអង្គពិធីថា មន្ទីរបានសហការជាមួយវិទ្យាស្ថាន អភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដើម្បីអភិវឌ្ឍនសមត្ថភាព និងបង្កើនចំនេះដឹងពាក់ព័ន្ធនឹងការធ្វើទំនើបកម្ម រដ្ឋបាលដោយប្រើប្រាស់បច្ចេកវិទ្យា(បញ្ញសិប្បនិម្មិត) និងធានាការលើកកំពស់ប្រសិទ្ធភាពការងារ ការពង្រឹងសុវត្ថិភាពនិងភាពធន់ ព្រមទាំងការប្រើប្រាស់បានត្រឹមត្រូវ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕









