ដោយៈ ចំណាន
ភ្នំពេញៈ លោកហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “ការបញ្ជ្រាបចំណេះដឹងអំពីសុវត្ថិភាពសន្តិសុខសាយប័រ” ជូនដល់មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកក្រោមឱវាទក.អ.ក។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមជាគ្រូឧទ្ទេស ពីសំណាក់ក្រុមការងារបច្ចេកទេសសន្តិសុខ សាយប័រនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
គោលបំណងនៃសិក្ខាសាលាខាងលើនេះ គឺដើម្បីឱ្យសិក្ខាកាមទាំងអស់ទទួលបានចំណេះដឹង ពាក់ព័ន្ធនឹងបរិវត្តន៍ឌីជីថល ដូចជាការយល់ដឹងអំពីការគ្រប់គ្រង ការការពារព័ត៌មានឬទិន្នន័យផ្ទាល់ខ្លួននៅលើអុីនធឺណេត ការយល់ដឹងនិងការកំណត់អត្តសញ្ញាណ ការបោកបញ្ឆោតតាមអ៊ីនធឺណេត និងការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត និងហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត។
តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់រៀនសូត្រ និងចូលរួមយ៉ាងផុសផុល ក្នុងការក្រេបយកចំណេះវិជ្ជា និងបទពិសោធនានា ដែលចែករំលែកដោយគ្រូឧទ្ទេស ដើម្បីបានជាពុទ្ធិបន្ថែម ក្នុងការអនុវត្តការងារប្រចាំថ្ងៃជូនស្ថាប័ន ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់មួយកម្រិតទៀត៕








