ផ្លូវជាតិលេខ៤៨សម្រេចស្ថាបនាបានជាង៤២ភាគរយនិងគ្រោងបញ្ចប់នៅឆ្នាំ២០២៥

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ក្រសួងសាធារណៈការ បានជំរុញឱ្យក្រុមហ៊ុនសាងសង់របស់កូរ៉េ ពន្លឿនគម្រោងសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក។

ក្នុងកិច្ចប្រជុំដឹកនាំដោយលោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរួមគ្នាលើកទី៤ស្ដីពី វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យមើលវឌ្ឍនភាព សាងសង់ ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការអនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ នៅក្នុងរដូវប្រាំងនេះ ឱ្យសម្រេចបានតាមគម្រោងផែនការដែលបានកំណត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋលេខាធិការ បានក្រើនរំលឹកដល់ក្រុមហ៊ុនសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់ លើបទដ្ឋានបច្ចេកទេស មិនមានភាពចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង និងត្រូវយកចិត្តទុកដាក់ផងដែរ លើបញ្ហាសុវត្ថិភាពចរាច​រណ៍តាមការដ្ឋានសាងសង់ ដោយធ្វើការបំពាក់គ្រឿងបរិក្ខាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ និងបានជំរុញឱ្យក្រុមហ៊ុន សាងសង់កំណាត់ផ្លូវនេះ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានជាដាច់ខាត ជាពិសេសត្រូវអនុលោមតាមលក្ខខណ្ឌ អាទិភាពចំនួនពីរគឺ៖ សំណង់ផ្លូវមានគុណភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង និងការបញ្ចប់គម្រោងតាមផែនការដែលបានកំណត់។

គម្រោងលើកកម្រិតគុណភាពផ្លូវលេខ៤៨ គិតមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៤២,៧១ភាគរយ គ្រោងបញ្ចប់វឌ្ឍនភាពសាងសង់ នៅខែមេសា ឆ្នាំ២០២៥​​៕

LEAVE A REPLY

Please enter your comment!
Please enter your name here