ដោយៈ ម៉ាណា
ភ្នំពេញៈ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានសន្យាបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារអាហារពេលល្ងាច (Working Dinner) ជាមួយលោកស្រី Xu Xiaoxia (លោកស្រី អារុណ) ប្រធានផ្នែកភាសាខ្មែរ នៃមជ្ឈមណ្ឌលអាស៊ី-អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (China Media Group – CMG) និងជានាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិន និងសហការីជាន់ខ្ពស់លោកស្រីKong Siqi អ្នកយកព័ត៌មានភាសាខ្មែរនៃមជ្ឈមណ្ឌលអាស៊ី-អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG)កាលពីចុងសប្តាហ៍មុន។
នាឱកាសជំនួបនេះ លោករដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងវិទ្យុមិត្តភាពកម្ពុជា-ចិន ក្រោមការដឹកនាំរបស់លោកស្រីប្រធានផ្ទាល់ ដែលតែងតែផ្តល់កិច្ចសហការដ៏ល្អ និងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្នុងការផ្តល់ពត៌មាន និងផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន និងពិភពលោក។
ជាការឆ្លើយតប លោកស្រីប្រធាន និងក្នុងនាមតំណាងថ្នាក់ដឹកនាំ CMG បានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសំដែងការពេញចិត្ត ចំពោះកិច្ចសហការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាជាមួយក្រសួងទេសចរណ៍ ព្រមទាំងបានបង្ហាញការប្តេជ្ញាចិត្តដ៏មុតមាំបន្តចូលរួមផ្សព្វផ្សាយពីសក្តានុពល និងតំបន់ទេសចរណ៍ទេសចរណ៍កម្ពុជា រួមជាមួយគោលនយោបាយនានា របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោលនយោបាយ លើកលែងទិដ្ឋាការជូនប្រជាជនចិន ឱ្យកាន់តែទូលំទូលាយទៅដល់ប្រជាជនចិន៕










