តម្លៃពោតបានកើនឡើងនៅក្នុងរដូវប្រមូលផលឆ្នាំនេះ

ដោយៈ គង់ ម៉ាលីនណា

      ភ្នំពេញៈ តម្លៃ​ពោតក្រហម​នៅក្នុង​ខេត្តបាត់ដំបង នា​ពាក់​កណ្តាល​រដូវ​កាល​ប្រមូល​ផល​ឆ្នាំ២០២៣ បាន​កើនឡើង​តិច​​តួច​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​មុន។

​អាកាសធាតុ​ធ្វើឱ្យ​គុណភាព​ពោតក្រហម ​ក្នុងឆ្នាំនេះ​ធ្លាក់ចុះ​បន្តិច​។ នេះ​បើ​យោងតាម​ម្ចាស់​សៃ​ឡូ និង​អ្នក​នៅក្នុង​ផលិតកម្ម​ពោតក្រហម ខេត្តបាត់ដំបង ដែលជា​ច្រក​នាំ​ចេញ​សំខាន់​មួយ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។​

​រៀងរាល់ឆ្នាំ​ការប្រមូល​ផល​ពោតក្រហម ត្រូវធ្វើឡើង​ចំនួន២​ លើក ដោយ​លើក​ទី​១ ចាប់ពី​ដើមខែ​កក្កដា ដល់​ខែសីហា និង​លើក​ទី​២ ពី​ចុងខែ​តុលា ដល់​ខែកុម្ភៈ នៃ​ឆ្នាំ​បន្ទាប់​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​ម្ចាស់​សៃ​ឡូ ​(​កន្លែង​ទិញ​ក​សិ​ផល​)​ នៅ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង អ្នកស្រីចាន់ មួយ បាន​មានប្រសាសន៍ឲ្យដឹង​ថា ការប្រមូល​ផល​ពោតក្រហម ​បានចាប់ផ្តើម​ជាង១ខែ​មកហើយ ដោយ​តម្លៃ​ដែល​កន្លែង​អ្នកស្រី​ទិញ​ពី​ប្រជា​កសិករ ​(​ថ្ងៃទី ​២១ ខែសីហា​) គឺ​ពោតក្រហម​ជាប់​ស្នូល​មានតម្លៃ​ពី៥,៦-៥,៧​ បាត ​(៦៥០-៦៦៥ ​រៀល​)​ ក្នុង១​គីឡូក្រាម និង​ពោត​ស្ងួត​តម្លៃ១០,៥ ​បាត ​(១ ២២៥ ​រៀល​)​។

តម្លៃ​នេះ​គឺ​កើន ០,១​ បាត ​(១១ ​រៀល​)​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។

អ្នកស្រី​បន្តទៀតថា បើតាម​ព័ត៌មាន​អ្នកស្រី​ទទួល​បាន គឺ​ផ្ទៃដី​ដាំពោត​ក្នុងឆ្នាំនេះ ​អាច​លើសពី​ឆ្នាំមុន​បន្តិច ប៉ុន្តែ​គុណភាព​គ្រាប់ពោត គឺ​ធ្លាក់ចុះ​បន្តិច ​ដោយសារ​កត្តា​អាកាស​ធាតុ​។ ទោះយ៉ាងណា​តម្លៃ​ឆ្នាំនេះ​មិន​ក្រោម​ឆ្នាំមុន​ឡើយ​។​

លោកស្រីចាន់ មួយ បាន​អះ​អាង​ថា ​សម្រាប់​តម្លៃ​ពោត​ក្រហម​ក្នុងឆ្នាំនេះ គឺ​កើន​លើស​ឆ្នាំមុន​បន្តិច ប៉ុន្តែ​គុណភាព​អន់​ជាង​ឆ្នាំមុន​តិចតួច​ដែរ។​

ពោតក្រហម​ដែល​កន្លែង​អ្នក​​ស្រី ​ទិញ​ពី​ប្រជាកសិករ​ខ្មែរ គឺ​ត្រូវបាន​នាំ​ចេញទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ​ ដើម្បី​កែច្នៃ​ជា​ផលិត​ផល​ចំណីអាហារ និង​មួយចំនួន​ធ្វើជា​ចំណី​សត្វ​។​

មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង លោកហេង សិទ្ធិ បានឱ្យដឹងថា បើ​គិត​ត្រឹម​ចុង​សប្តាហ៍​ទី​៣ (​ថ្ងៃ​ ១៩) ខែ​សី​​ហា ការប្រមូល​ផល​ពោត​ក្នុង​ខេត្តបាត់ដំបង សម្រេចបាន​ប្រ​ហែល៨០ភាគរយ ​ហើយ​លើ​ផ្ទៃដី​សរុប​ជាង៧​ម៉ឺន​ហិកតា​។

លោក​បន្តថា ទិន្នផល​ឆ្នាំនេះ គឺ​កន្លែង​ខ្លះ​កើន​ដល់៧​តោន ​ក្នុង១​ ហិកតា ប៉ុន្តែ​ភាគច្រើន​គឺ​នៅ​ចន្លោះ​ពី​ ៣-៤ ​តោន​ប៉ុណ្ណោះ​។​

លោកបាន​បញ្ជាក់ថា​ ​នេះ​គ្រាន់តែ​ជា​ទិន្នន័យបឋម​ប៉ុណ្ណោះ ដោយ​មន្ត្រី​ជំនាញ​ កំពុង​រៀបចំ​ស្រង់​ទិន្នន័យ​ជារួម ​អំពី​ស្ថានភាព​ការដាំដុះ និង​ការ​ប្រ​មូល​ផល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here