ដោយៈ គង់ ហ្វីអួណា
សៀមរាបៈ ក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំការតាំងពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៧ និងយុទ្ធនាការលើកកម្ពស់តម្បាញ និងការប្រើប្រាស់ផលិតផលសូត្រកម្ពុជា។
ពិព៌ំណនេះ បានប្រព្រឹត្តទៅយ៉ាងឱឡារិក នៅក្រុងសៀមរាប ខេត្តសៀមរាប ក្នុងរយៈពេល៤ថ្ងៃ នាខេត្តសៀមរាប ដើម្បីជំរុញការប្រើប្រាស់ និងគាំទ្រផលិតផលនៅក្នុងស្រុក ។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរនេះ ត្រូវបានសម្ពោធបើកជាផ្លូវការ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយធ្វើឡើងរយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ២២-២៥ ខែកុម្ភៈ ឆ្នាំ ២០២៤។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ម៉ៅ ថូរ៉ា បានលើកឡើងថា យុទ្ធនាការទិញផលិតផលខ្មែរ ជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ខណៈផលិតផលរបស់ខ្មែរមានវត្តមាន នៅលើទីផ្សារកាន់តែច្រើន ទាំងទីផ្សារក្នុងស្រុក ហាងលក់ទំនិញក្នុងអាកាសយានដ្ឋាន និងទីផ្សារនៅបរទេស និងមានការរីកចម្រើនទៅមុខទាំងគុណភាព សុវត្ថិភាព សោភ័ណភាពនិងអនាម័យ ដែលអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ទូទៅ។
លោកបញ្ជាក់ថា “យុទ្ធនាការប្រើប្រាស់សូត្រកម្ពុជា គឺជាសំឡេងជួងដាស់ស្មារតីប្រជាជនកម្ពុជា ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផល ក្នុងស្រុកជំនួសទំនិញនាំចូល ពីបរទេសជាជំហានៗ ពិសេសសូត្ររបស់ខ្មែរ”។
តាមរយៈការរៀបចំយុទ្ធនាការទិញ ផលិតផលខ្មែរចំនួន៨រដូវកាលកន្លងមកនេះ បានជួយពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ជា បណ្តើរៗ ហើយផលិតករកម្ពុជា ក៏មានចំណេះដឹង ចំណេះធ្វើ និងទទួលបានបទពិសោធន៍ល្អៗជាច្រើន សម្រាប់ពង្រឹង និងពង្រីកផលិតកម្ម អភិវឌ្ឍន៍ផលិតផល និងសេវារបស់ខ្លួនបម្រើឱ្យទីផ្សារ។
លោកម៉ៅ ថូរ៉ាបានបន្ថែមថា វិស័យពាណិជ្ជកម្ម បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ហើយការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅតែជាចំណុចអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារសេរី ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា ទាក់ទងនឹងផលិតផលសូត្រ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យសូត្រជា វិស័យសំខាន់មួយក្នុងចំណោមផលិតផលសំខាន់ចំនួនទាំង១០ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដោយសង្កត់ធ្ងន់ លើការអភិរក្សប្រពៃណីវប្បធម៌ខ្មែរ កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ព្រមទាំងការលើកកម្ពស់វិស័យសូត្រកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
ការរៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ ២០២៤ នេះ បានទាក់ទាញអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ ម្ចាស់កសិដ្ឋាន អង្គការ សមាគមអាជីវកម្ម និងសហគមន៍ផលិតបន្លែផ្លែឈើខ្មែរ ក្នុងខេត្តសៀមរាប និងមកពីរាជធានី-ខេត្ត ចំនួន១៦ បាននាំយកផលិតផល កសិផល មកចូលរួមដាក់តាំងបង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្មនាឱកាសនេះ៕