ដោយៈ ម៉ាលីន
ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងពាក់ព័ន្ធ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៨។
កិច្ចប្រជុំកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមសហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) រួមមាន លោកហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោកអ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី១៨ ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពអន្តរាគមន៍ត្រី- វិស័យក្នុងខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងការពិភាក្សា ផែនការសកម្មភាពសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ដើម្បីធានាការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងការសម្របសម្រួលរវាងវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ។
អង្គប្រជុំក៏បានពិនិត្យវឌ្ឍនភាព នៃការអនុវត្តសេចក្តីសម្រេចដែលបានឯកភាព ក្នុងកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦ រួមមាន៖ ការជ្រើសរើសសហគមន៍បន្ថែមសម្រាប់ការអន្តរាគមន៍ ការរៀបចំផែនការថវិកា ការគាំទ្រសហគមន៍ជនភៀសសឹក ការសិក្សាលទ្ធភាពសាងសង់អាងស្តុកទឹក ការរៀបចំដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងការរៀបចំវិបស្សនា (Retreat) សម្រាប់កំណត់ផែនការសកម្មភាព និងផែនការថវិការួម។
ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សា និងឯកភាពលើការជ្រើសរើសសហគមន៍បន្ថែមចំនួន៥ សម្រាប់ការអន្តរាគមន៍ក្នុងឆ្នាំ២០២៦–២០២៧ និង៥ សហគមន៍ទៀតសម្រាប់ឆ្នាំ២០២៨ ព្រមទាំងកំណត់សកម្មភាពអាទិភាព សម្រាប់សហគមន៍នីមួយៗ។
លើសពីនេះ កិច្ចប្រជុំក៏បានពិនិត្យវឌ្ឍនភាពនៃការរៀបចំ “យុទ្ធសាស្ត្រ និងផែនការអនុវត្តន៍ត្រី-វិស័យ (២០២៧–២០៣១)” សម្រាប់ការអភិវឌ្ឍលើវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ រួមទាំងការណែនាំក្រុមទីប្រឹក្សាជំនាញ ដែលនឹងគាំទ្រដល់ដំណើរការរៀបចំឯកសារយុទ្ធសាស្ត្រនេះ៕








