បណ្ឌិតសភាចារ្យសុខ ទូចលើកទឹកចិត្តដល់អ្នកជំនាញផ្នែកកសិកម្ម ឱ្យរួមគ្នាសិក្សាស្រាវជ្រាវរកអ្វីដែលថ្មី

ដោយៈ ចំណាន

    ភ្នំពេញៈ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្តដល់អ្នកជំនាញផ្នែកកសិកម្ម ឱ្យរួមគ្នាសិក្សាស្រាវជ្រាវរកអ្វីដែលថ្មី ដើម្បីពង្រឹងគុណភាព “ផលិតផលជាតិ និងចែករំលែកចំណេះដឹងដល់ប្រជាជន។

លោកបញ្ជាក់ថា “ការធ្វើបែបនេះ គឺដើម្បីផលប្រយោជន៍ជាតិកម្ពុជាទាំងអស់គ្នា ពីព្រោះបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរភាគច្រើនផ្តោតលើសុខភាពជាសំខាន់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលើកទឹកចិត្តបែបនេះ របស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោកបណ្ឌិតអញ្ជើះបិទសិក្ខាសាលាស្តីពីការលើកកម្ពស់ផលិតកម្មដំណាំពោត ដោយការកែលម្អផលិតភាព និងផលិតផលដំណាំពោតជាចំណីសត្វ ដែលរៀបចំឡើងដោយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត សុខ ទូចបានថ្លែងថា “វិស័យកសិកម្ម គឺមានគ្រប់រូបភាពនៅក្នុងជីវិតមនុស្ស ខណៈគ្រាន់តែដំណាំពោទតតែមួយមុខ គឺមនុស្សអាចយកទៅកែច្នៃបានជាច្រើនមុខ ដើម្បីបម្រើឱ្យសេចក្តីត្រូវសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ”។ លោកបន្ថែមថា “ប៉ុន្តែប្រសិនបើពោតមិនទាន់កែច្នៃ ច្បាស់ណាស់លើចេញនៅលើទីផ្សារ នឹងមិនមានតម្លៃសមរម្យនោះទេ ក៏ប៉ុន្តែ បើមានការកែច្នៃ វេចខ្ចប់ឱ្យបានត្រឹមត្រូវនោះនឹងទទួលបានតម្លៃថ្លៃ”។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបន្តថា តាមរយៈសិល្បនៃការកែច្នៃផលិតផលកសិកម្មនេះ វាជាផ្នែកមួយដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅកម្ពុជា បានភ្លក្សរសជាតិផលិត​ផលច្នៃពីដំណាំកសិកម្មដែលមានគុណភាព ត្រង់ចំណុចនេះនឹងធ្វើឱ្យភ្ញៀវទេសចរចង់ចាំកម្ពុជា។ ដូច្នេះ នេះគឺជាតម្លៃមួយដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នា ដើម្បីទាក់ទាញទេសចរណ៍ នេះហើយជាកសិកម្ម បម្រើឱ្យវិស័យទេសចរណ៍ កសិកម្មបម្រើឱ្យវិស័យម្ហូបអាហារ ដែលទាមទារឱ្យអ្នកជំនាញគ្រប់រូបធ្វើការរួមគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យកសិកម្មមានការរីកចម្រើនបន្ថែមទៀត។

លោកបណ្ឌិត សុខ ទូច ក៏បានលើកទឹកចិត្តដល់យុវជន យុវនារី ដែលមានបំណងចង់សិក្សាលើវិស័យកសិកម្ម សូមចុះឈ្មោះចូលរៀនឱ្យបានច្រើន ដើម្បីចូលរួមចំណែកស្រាវជ្រាវអ្វីៗដែលថ្មី និងមានប្រយោជន៍ចំពោះសង្គមជាតិ ជាពិសេសចូលរួមលើកស្ទួយ ចែករំលែកចំណេះដឹងនេះដល់ប្រជាសិករជាដើម។ ព្រមទាំងផ្តល់យោបល់ដល់យុវជន ត្រូវសិក្សាទៅលើទេពកោសល្យដែលខ្លួនមានឱ្យអស់ពីសក្តានុពល និងសូមកុំរៀនតាមគ្នាឱ្យសោះ។

លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា អ្នកដែលមានជំនាញខាងកសិកម្ម សូមគ្នាធ្វើកិច្ចការងារហ្នឹង (ស្រាវជ្រាវរកអ្វីដែលថ្មីៗ) ដើម្បីរកធាតុចូលទៅកាន់ប្រជាជន ដើម្បីកុំឱ្យប្រជាជនធ្វើតាមគ្នាជាទម្លាប់ នាំឱ្យពួកគាត់ខាតប្រយោជន៍។

លោកបញ្ជាក់ថា “យើងត្រូវការរួមគ្នាធ្វើ រួមគ្នាគិត រួមគ្នាពិចារ​ណា កុំយកបញ្ហាមកធ្វើជាទម្ងន់ តែត្រូវដោះស្រាយបញ្ហាដោយខ្លួនយើង”

លោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា យើងជាប្រជាជាតិមួយត្រូវឈរឱ្យខ្ពស់ មើលឱ្យឆ្ងាយ និងឈានទៅឱ្យដល់ សូមកុំលឺគេថា និងចាំមើលគេធ្វើឱ្យសោះ ប្រសិនបើមានចម្ងល់ ត្រូវប្រើប្រាស់ខួរក្បាល សម្រាប់ត្រិះរិះពិចារណាឱ្យបានម៉តចត់ ដើម្បីធ្វើយ៉ាងចូលរួមចំណែកលើកស្ទួយផលប្រយោជន៍សង្គមជាតិទាំងអស់គ្នា។

លោកបណ្ឌិតបញ្ជាក់ថា សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នសិក្សាស្រាវជ្រាវ គឺមានទីតាំងឧទ្យានជាតិតេជោសែន ឬស្សីត្រឹប ព្រមទាំងមានពូជគោយកទឹកដោះ១០០ក្បាល សត្វគោយកសាច់ ១៦០ក្បាល សត្វក្របី២០០ក្បាល ហើយទៅថ្ងៃអនាគត រាជបណ្ឌិ​ត្យសភាកម្ពុជា និងពង្រីកចំនួនបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here