ដោយៈ និស្ស័យ
ភ្នំពេញៈ សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច លោក ឌុច ដារិន្ទ បានលើកឡើងថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតក្រុមការងារអន្តរក្រសួងទទួលបន្ទុក តាក់តែងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល គឺជាជំហានវិជ្ជមាន ស្របតាមបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ និងត្រូវផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី១០ ខែសីហា បានលើកឡើងថា យោងតាមការចាំបាច់ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត “ក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំតាក់តែង សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ”។
ក្រុមការងារនេះ មានសមាជិកសរុប២៦រូប ដោយមានរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទេសាភិបាលរងធនាគារជាតិនៃកម្ពុជា(NBC) ជាសហប្រធាន។
យោងតាមសេចក្តីសម្រេចខាងលើ គឺក្រុមការងារនេះមានតួនាទី និងភារកិច្ចសំខាន់ៗមួយចំនួន ដូចជា ដឹកនាំការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សិក្សា និងស្រាវជ្រាវពីច្បាប់ និងបទប្បញ្ញត្តិ ក៏ដូចជាបទពិសោធន៍ និងឧត្តមានុវត្តនៃការគ្រប់គ្រងត្រួតពិនិត្យទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថលទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រមូលធាតុចូល សម្រាប់តាក់តែងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។រៀបចំ សម្របសម្រួល និងចុះធ្វើទស្សនកិច្ចសិក្សាអំពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល នៅស្ថាប័នជាតិ-អន្តរជាតិ និងអង្គការអន្តរជាតិ, និងសម្របសម្រួល និងរៀបចំកិច្ចពិភាក្សាពិគ្រោះយោបល់ជាមួយស្ថាប័នជាតិ-អន្តរជាតិ និងអង្គការអន្តរជាតិ ដើម្បីទទួលបានធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យ ឌីជីថល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
សម្រាប់ភារកិច្ចផ្សេងៗទៀតមានដូចជា រៀបចំកិច្ចពិភាក្សាផ្ទៃក្នុងដើម្បីពិនិត្យលើខ្លឹមសារ សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីអាចទទួលបានជំនួយបច្ចេកទេស និង/ឬយោបល់ ឬធាតុចូលសម្រាប់ការរៀបចំ តាក់តែងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងជំនួយស្មារតីក្នុងការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនេះ សម្របសម្រួល និងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីប្រមូលយោបល់ និងធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងក្រសួង-ស្ថាប័ន និងវិស័យឯកជន។
អតីតសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក លោកបណ្ឌិតឌុច ដារិន្ទ មានគំនិតសុទិដ្ឋិនិយមថា ការបង្កើតក្រុមការងារនេះអាចផ្តល់ផលវិជ្ជមាន ចំពោះការវិវឌ្ឍនៃរូបិយវត្ថុប្រភេទឌីជីថល នៅកម្ពុជា។ ការបង្កើតក្រុមការងារ និងការរៀបចំច្បាប់ថ្មី គឺជាជំហានសំខាន់ ក្នុងការបង្កើតក្របខ័ណ្ឌច្បាស់លាស់ និងការគ្រប់គ្រងហានិភ័យ។
លោកបានមានប្រសាសន៍ថា “ខ្ញុំយល់ថាទ្រព្យសកម្មឌីជីថល អាចសំដៅទៅលើទ្រព្យ ដែលមានតម្លៃ និងត្រូវបានបង្កើត រក្សាទុក ឬផ្ទេរតាមប្រព័ន្ធឌីជីថល ព្រមទាំងអាចមានតម្លៃសេដ្ឋកិច្ច និងអាចទិញ លក់ ឬផ្ទេរទៅអ្នកដទៃផ្សេងទៀត បាននៅតាមបណ្តាប្រទេសនានា។ ជាក់ស្តែង ប្រភេទ Cryptocurrency ដូចជា Bitcoin ជាដើម គឺជាទ្រព្យឌីជីថលដែលចរាចរណ៍ជាសកល”។
លោកបន្ថែមថា ដោយឡែកនៅប្រទេសកម្ពុជា ខ្ញុំយល់ថាការបង្កើតក្រុមការងារមានសារ:សំខាន់ណាស់ ពីព្រោះក្រុមការងារនេះនឹងកំណត់និយមន័យនៃទ្រព្យសកម្មនិម្មិត /ទ្រព្យឌីជីថល កំណត់អត្តសញ្ញាណអ្នក ដែលផ្តល់សេវាទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល យន្តការនៃការការពារអ្នកវិនិយោគ សិទ្ធិ និងកាតព្វកិច្ចអ្នកប្រើប្រាស់ទ្រព្យឌីជីថលជាដើម ដើម្បីគ្រប់គ្រងទ្រព្យសកម្មនិម្មិត /ទ្រព្យឌីជីថលឱ្យមានសណ្តាប់ធ្នាប់នៅក្នុងទីផ្សារហិរញ្ញវត្ថុ។
លោកបានបញ្ជាក់ថា ខ្ញុំគិតថាក្រុមការងារគួរកំណត់ឱ្យច្បាស់ថា Crypto ណាខ្លះអាចអនុញ្ញាត និងស្ថិតក្រោមការគ្រប់គ្រង និងគួរដាក់វិធានការ ការពារអ្នកប្រើប្រាស់ព្រមទាំងអាចសិក្សា និងដកស្រង់បទពិសោធន៍ល្អៗ ពីបណ្តាប្រទេសផ្សេងៗ សម្រាប់ការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល។
កាលពីថ្ងៃទី៦ ខែសីហា ធនាគារជាតិនៃកម្ពុជា ក៏បានចេញនូវសេចក្ដីជូនដំណឹងមួយស្ដីពី “កាតព្វកិច្ចជូនដំណឹងរបស់ម្ចាស់អាជីវកម្ម ដែលបានចេញផ្សាយរូបិយវត្ថុ អេឡិចត្រូនិក(គណនីអ៊ីវ៉ាឡេត) សម្រាប់ការទូទាត់លើផលិតផល ឬសេវានៅក្នុងបណ្ដាញតែមួយ។
ខ្លឹមសារសំខាន់នៃសេចក្តីជូនដំណឹងនេះ បានតម្រូវឱ្យម្ចាស់អាជីវកម្មទាំងឡាយណា ដែលមិនមែនជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ទាំងអស់ ហើយដែលកំពុងចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក (គណនីអ៊ីវ៉ាឡេត) សម្រាប់ការទូទាត់លើផលិតផល ឬសេវាកម្មរបស់ខ្លួន គឺត្រូវជូនដំណឹងមកធនាគារជាតិនៃកម្ពុជាជាមុនសិន មុននឹងធ្វើប្រតិបត្តិការទូទាត់៕









