ដោយៈ ចំណាន
សៀមរាបៈ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សចូលរួមវគ្គបណ្ដុះបណ្ដាលថ្នាក់ក្រោមជាតិ ស្ដីពីការតាមដាន និងការរាយការណ៍ សម្រាប់មន្ត្រីទទួលបន្ទុកMEL ។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ដោយមានការចូលរួមពី លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិតប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ នាយិកាផ្នែកMEL នៃកម្មវិធី ASEAN-ACT និងក្រុមការងារប្រចាំកម្ពុជា និងមានការចូលរួម ពីក្រុមការងារលេខាធិការដ្ឋានពីខេត្តចំនួន៤ មានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ និងក្រុមការងារ គ.ជ.ប.ជ។
វគ្គបណ្ដុះបណ្ដាលថ្នាក់ក្រោមជាតិ ស្ដីពីការតាមដាន និងការរាយការណ៍ សម្រាប់មន្ត្រីទទួលបន្ទុកMEL ក្នុងគោលបំណងមួយចំនួនដូចជា ទី១ លើកកម្ពស់ការយល់ដឹងរបស់អ្នកចូលរួម អំពីសកម្មភាពនានាដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤-២០២៨ (ផែនការយុទ្ធសាស្ត្រជាតិ)។
ទី២ ដើម្បីឱ្យអ្នកចូលរួមមានការយល់ដឹង អំពីនិយមន័យនៃសូចនាករលទ្ធផល និងសូចនាករលទ្ធផលអាទិភាព ឧបករណ៍ប្រមូលទិន្នន័យសម្រាប់សូចនាករទាំងនេះ និងរបាយការណ៍ ដោយប្រើប្រាស់ក្របខណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ (MEL)នៃផែនការយុទ្ធសាស្ត្រជាតិ។
ទី៣ ពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកMEL ក្នុងការប្រមូលទិន្នន័យ និងការរាយការណ៍ ដើម្បីឱ្យពួកគេអាចផ្សព្វផ្សាយ និងអនុវត្តការងារទាំងនេះនៅថ្នាក់ក្រោមជាតិ តាមក្រសួង និងស្ថាប័នជាសមាជិករបស់ គ.ជ.ប.ជ. ព្រមទាំងនៅតាមមន្ទីរ ឬអង្គភាពជំនាញជាសមាជិករបស់ គ.ស.ប.ជ./គ.ខ.ប.ជ.៕







