សហភាពអឺរ៉ុបជួយកម្ពុជាលើវិស័យកសិកម្ម​បែបប្រពៃណី ​ទៅ​ជា​ផលិតកម្ម​ដែល​មាន​តម្លៃ​បន្ថែមខ្ពស់​

ដោយៈ ចំណាន

   ភ្នំពេញៈ កម្ពុជាកំពុងជំរុញការផ្លាស់ប្តូរវិស័យកសិកម្ម ពីការផលិតបែបមូលដ្ឋានទៅរកផលិតកម្មពាណិជ្ជកម្ម ការកែច្នៃក្នុងស្រុក និងការនាំចេញផលិតផលមានតម្លៃបន្ថែមខ្ពស់។

កម្មវិធីនេះទទួលបានការគាំទ្រពីអឺរ៉ុប ដែលផ្តោតជាពិសេសលើខ្សែច្រវាក់តម្លៃស្វាយចន្ទី និងម្រេច ដើម្បីពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារតំបន់ និងទីផ្សារអឺរ៉ុបដែលមានតម្លៃខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិសដៅនេះត្រូវបានរំលេច ក្នុងបេសកកម្មជាន់ខ្ពស់រួមគ្នារវាងកម្ពុជា និងក្រុមអឺរ៉ុប (Team Europe) ទៅកាន់ខេត្តត្បូងឃ្មុំ ក្រចេះ និងស្ទឹងត្រែង កាលពីថ្ងៃទី១៧-១៨ ខែសីហា ដឹកនាំដោយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។

លោកឌិត ទីណា បានឱ្យដឹងថា កម្ពុជាកំពុងផ្លាស់ប្តូរមុខមាត់វិស័យកសិកម្ម ដោយប្តូរពីការធ្វើកសិកម្មបែបគ្រួសារ ទៅជាការផលិតបែបពាណិជ្ជកម្ម តាមរយៈសហគមន៍កសិកម្មទំនើប (MACs) និងផលិតកម្មកសិកម្មតាមកិច្ចសន្យា។

លោកបញ្ជាក់ថា ការរៀបចំចងក្រងកសិករក្នុងស្រុក នឹងជួយឱ្យពួកគេអាចផ្គត់ផ្គង់ កសិផលបានទៀងទាត់ និងមានស្ថិរភាពដល់រោងចក្រកែច្នៃ ខណៈកិច្ចសហការជាមួយសហភាពអឺរ៉ុប និងដៃគូនានា កំពុងលើកកម្ពស់ស្តង់ដារ សុវត្ថិភាពចំណីអាហារ និរន្តរភាពនិងសមត្ថភាពប្រកួតប្រជែង សម្រាប់ដំណាំសំខាន់ៗ ដូចជា ស្វាយចន្ទី និងម្រេច”។

ជាមួយគ្នានេះ លោក gor Driesmans បានឱ្យដឹងថា តាមរយៈយុទ្ធសាស្ត្រច្រកទ្វារសកល (Global Gateway) ក្រុមអឺរ៉ុបកំពុងវិនិយោគលើជំនាញបច្ចេកទេស សុវត្ថិភាពចំណីអាហារ និងប្រព័ន្ធកែច្នៃ ដើម្បីជំរុញខ្សែច្រវាក់តម្លៃស្វាយចន្ទី និងម្រេចកម្ពុជា។

លោកបញ្ជាក់ថា “កត្តានេះជួយអាជីវកម្មកសិកម្ម ក្នុងស្រុកអាចបង្កើតផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់នៅក្នុងប្រទេស និងពង្រីកខ្លួនទៅកាន់ទីផ្សារនាំចេញតម្លៃខ្ពស់”។

បេសកកម្មជាន់ខ្ពស់រួមគ្នារវាងកម្ពុជា និងក្រុមអឺរ៉ុប (Team Europe) បានធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ ក្រចេះ និងស្ទឹងត្រែង កាលពីថ្ងៃទី១៧-១៨ ខែសីហា ដឹកនាំដោយលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកIgor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ រូបថត សហការី។

កម្មវិធីសំខាន់មួយក្នុងការគាំទ្រទិសដៅនេះ គឺភាពជាដៃគូរវាងសហភាពអឺរ៉ុប អាល្លឺម៉ង់ និងកម្ពុជាសម្រាប់វិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព (CAPSAFE) ដែលមានថវិកាសរុប២៤,៣លានអឺរ៉ូ សម្រាប់អនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩។

CAPSAFE គ្រោងគាំទ្រកសិករចំនួន៦០០០នាក់ ពង្រឹងសហគមន៍កសិកម្ម និងសហគ្រាសធុនតូច និងមធ្យមចំនួន៤០ ព្រមទាំងជំរុញការកែច្នៃក្នុងស្រុក ការវិនិយោគ និងការត្រៀមខ្លួនសម្រាប់ការនាំចេញទៅទីផ្សារតំបន់ និងអឺរ៉ុប។ កម្មវិធីនេះក៏ផ្តោតលើការពង្រឹងប្រព័ន្ធសុវត្ថិភាពចំណីអាហារ និងអនាម័យ និងភូតគាមអនាម័យផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here