ដោយៈ ម៉ាណា
សៀមរាបៈ កម្ពុជាបោះជំហានថ្មី ឆ្ពោះទៅកាន់គោលដៅទេសចរណ៍ភាពយន្ត (Film Destination) តាមរយៈកិច្ចសហការរួមរវាងរដ្ឋ និងឯកជន។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការប្រែក្លាយខ្លួន ជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination) ទាំងកម្រិតជាតិ និងអន្តរជាតិ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា” លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាមិនមែនមានតែប្រាសាទអង្គរវត្តនោះទេ។ យើងនៅមាន “ស្ទូឌីយូធម្មជាតិ” ដ៏សម្បូរបែប និងស្រស់ស្អាតជាច្រើន ដូចជា តំបន់ឆ្នេរសមុទ្រ ព្រៃភ្នំ និងទឹកជ្រោះនៅភាគឦសាន ប្រាសាទកោះកេរ តំបន់ប្រាសាទសំបូរព្រៃគុក ព្រមទាំងស្ថាបត្យកម្ម និងទីតាំងប្រវត្តិសាស្ត្រជាច្រើនទៀត ដែលកំពុងរង់ចាំផលិតករជាតិ និងអន្តរជាតិ មកផ្តិតយករូបភាព និងនាំយកសម្រស់កម្ពុជា ទៅបង្ហាញជូនពិភពលោក។
សិក្ខាសាលាថ្នាក់ជាតិនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ធ្វើជាស្ពានតភ្ជាប់ និងបង្កើតកិច្ចសន្ទនារវាងស្ថាប័នរដ្ឋ ប្រតិបត្តិករក្នុងឧស្សាហកម្មភាពយន្ត និងឧស្សាហកម្មទេសចរណ៍ ដើម្បីរួមគ្នាស្វែងរកកាលានុវត្តភាព ដោះស្រាយបញ្ហាប្រឈម និងកំណត់វិធានការគន្លឹះ សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ ភាពយន្តនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង។
សិក្ខាសាលាថ្នាក់ជាតិនេះ មានការអញ្ជើញចូលរួមពី លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានក្រុមការងារអន្តរក្រសួង លោកង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ធ។
លោកបានគូសរំលេចថា “ក្នុងបរិបទដែលទីផ្សារទេសចរណ៍សកល កំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង កម្ពុជាមិនអាចបន្តផ្សព្វផ្សាយគោលដៅទេសចរណ៍ ដោយពឹងផ្អែកលើផលិតផលតែមួយ ឬត្រឹមតែធនធានវប្បធម៌ និងប្រវត្តិសាស្ត្រ តាមបែបប្រពៃណីតែមួយមុខនោះទៀតឡើយ”។ លោកបន្ថែមថា “ផ្ទុយទៅវិញ យើងត្រូវបម្លែងពីការលក់ “ទីកន្លែង” ទៅជាការលក់ “បទពិសោធន៍” និងពីការបង្ហាញ “ទេសភាព” ទៅជាការបង្កើត “និទានកថា” ដែលមានអត្តសញ្ញាណ មានអត្ថន័យជ្រាលជ្រៅ និងអាចចាក់ដល់បេះដូងរបស់ភ្ញៀវទេសចរ។
ទទ្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា ទេសចរជំនាន់ថ្មី មិនត្រឹមតែចង់មកទស្សនា ឬថតរូបនៅគោលដៅណាមួយប៉ុណ្ណោះទេ ប៉ុន្តែពួកគេចង់រស់នៅក្នុងបទពិសោធន៍មួយ ចង់ស្វែងយល់ពីរឿងរ៉ាវនៅពីក្រោយទីកន្លែង និងចង់បង្កើតការចងចាំដែលអាចផ្សារភ្ជាប់ពួកគេយ៉ាងជ្រាលជ្រៅ ជាមួយគោលដៅទេសចរណ៍នោះ។
ទន្ទឹមនឹងនេះ លោកហួត ហាក់បានបញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍ភាពយន្ត ទទួលបានការយកចិត្តទុកដាក់ខ្ពស់ និងការតម្រង់ទិសដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាគោលដៅផលិតភាពយន្ត និងគោលដៅទេសចរណ៍ភាពយន្តអន្តរជាតិដ៏មានសក្តានុពល និងភាពប្រកួតប្រជែងនៅក្នុងតំបន់។
លោករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអន្តរក្រសួង បានបញ្ជាក់ថាសិក្ខាសាលាថ្នាក់ជាតិនេះ នឹងក្លាយជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការប្រមូលផ្តុំមតិយោបល់ បទពិសោធន៍ និងធាតុចូលដ៏មានតម្លៃពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានឈានទៅរៀបចំ និងដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការគន្លឹះដែលមានប្រសិទ្ធភាព និងអាចអនុវត្តបានជាក់ស្តែង សំដៅរួមគ្នាស្វែងរកដំណោះស្រាយ និងស្វែងរកការគាំទ្រដ៏សមស្រប សម្រាប់ការលើកកម្ពស់សមត្ថភាព ការច្នៃប្រឌិត និងបង្កើនបរិយាកាសអំណោយផល ដល់ការផលិតទេសចរណ៍ភាពយន្ត៕







