ក្រសួងទេសចរណ៍​ត្រៀមដាក់​ “ទីក្រុង​កោះរ៉ុង​ជា​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​”

ដោយៈ ចំណាន

   ព្រះសីហនុៈ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ​រៀបចំកម្មពិធីសិក្ខាសាលា​ស្តីពី “ការពង្រឹងសមត្ថភាពរៀបចំក្រុងកោះរ៉ុងជាទីក្រុង ទេសចរណ៍គ្មាន​ផ្សែង​បារី” ​ ​នៅរដ្ឋបាល​ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព លោកហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារបរិស្ថានគ្មានផ្សែងបារី តំណាងលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ អញ្ជើញជាអធិបតីក្នុងពិធីបើក​សិក្ខាសាលា​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោក សួស ​សេរីសួស្តី អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ក្រុមការងារថ្នាក់ជាតិមកពីក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ មន្ទីរទេសចរណ៍ខេត្ត មន្ទីរពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង សង្កាត់ ការិយា​ល័យចំណុះក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថ​ បញ្ជាការដ្ឋានកងយុទ្ធពលមេរភូមិន្ទ ទាំងពីរប្រភេទ នាយប៉ុស្តិ៍នគរបាលសង្កាត់ និងមូលដ្ឋានអាជីវកម្មសេវាកម្ម ទេសចរណ៍សរុបប្រមាណ១០០នាក់។

សិក្ខាសាលានេះមានគោលបំណងសំខាន់ៗ រួមមាន៖​ ពង្រឹងការយល់ដឹង​អំពីផលប៉ះពាល់នៃផ្សែងបារី ពង្រឹងការយល់ដឹង​អំពី​គោល​ការណ៍ទីក្រុង​ទេសច​រ​ណ៍​គ្មាន​ផ្សែងបារី បង្កើនសមត្ថភាពអនុវត្ត​របស់​មន្ត្រីរដ្ឋបាលក្រុង សង្កាត់ កងកម្លាំង​ និង​ភាគី​ពាក់ព័ន្ធ លើកទឹកចិត្ត​ឱ្យ​អាជីវកម្មទេសចរណ៍ចូលរួម បង្កើត​បរិយា​កា​សស្អាត និង​មាន​សុខភាព​ល្អ និងកសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងសហ​គម​ន៍ ផ្លាស់ប្តូរ​បទ​ពិសោ​ធ​ន៍ ព្រមទាំងរៀបចំផែនការសកម្មភាព អនុវត្តន៍ក្រុងកោះរ៉ុង​ឱ្យ​មាន​ប្រសិទ្ធភាព ​ដើម្បី​ត្រៀមឆ្ពោះទៅការវាយតម្លៃ និងការទទួលស្គាល់ជាផ្លូវការ។

សិក្ខាសាលានេះ ក៏បានរៀបចំជាកិច្ចពិភាក្សាជារួម Panel discussion ដែលមានអ្នកសម្របសម្រួល និងវាគ្មិនកិត្តិយសមកពីក្រសួង ស្ថាប័ន អង្គភាពសំខាន់ៗ និងផ្នែកឯកជនចូលរួមពិគ្រោះយោបល់គ្នា​ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅកាន់ការរៀបចំក្រុងកោះរ៉ុងជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី​ប្រកបដោយជោគជ័យ” ដែលផ្តល់ឱកាសជូន អ្នកចូលរួមទាំងអស់លើកជាសំណួរ ឬបទពិសោ​ធន៍​ដែលជួបប្រទះ មកដោះស្រាយនិងចែករំលែកផងដែរ។

បន្ទាប់ពីសិក្ខាសាលា លោកហោ​ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍​អញ្ជើញ ជាអធិបតី​ដឹកនាំកិច្ចប្រជុំចង្អៀត ជាមួយរដ្ឋបាលក្រុង សង្កាត់ និងផ្នែកឯកជន ដើម្បីរៀបចំ​ផែនការសកម្មភាព​ជំរុញក្រុងកោះរ៉ុង ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ឱ្យបានក្នុងឆ្នាំ២០២៦នេះ។

អង្គសិក្ខាសាលាទាំងមូល បានយកចិត្តទុកដាក់ខ្ពស់ គាំទ្រ និងប្តេជ្ញាចិត្តរួមគ្នាជំរុញក្រុងកោះរ៉ុង ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី៕

LEAVE A REPLY

Please enter your comment!
Please enter your name here