ដោយៈ ចំណាន
ភ្នំពេញៈ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនគណៈប្រតិភូជាន់ខ្ពស់ ខេត្តយូណានដឹកនាំ ដោយលោក Peng Bin អនុរដ្ឋមន្ត្រីឃោសនាការ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធានការិយាល័យកសាងអរិយធម៌ នៃគណៈកម្មាធិការបក្សខេត្តយូណាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរយោបល់ស៊ីជម្រៅ លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តយូណាន លើវិស័យទេសចរណ៍ វប្បធម៌ និងការផ្សព្វផ្សាយ នៅទីស្តីការក្រសួងទេសចរណ៍។
ថ្លែងក្នុងជំនួបដ៏សំខាន់នេះ លោករដ្ឋមន្ត្រីបានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន (ផ្នែកឃោសនាការ) និងស្ថានីយវិទ្យុ ទូរទស្សន៍យូណាន ដែលបានបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជា តាមរយៈកម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍ទេសចរណ៍ និងការផលិតវីដេអូឯកសារជាច្រើន ដែលបានរួមចំណែកលើកកម្ពស់រូបភាព និងសក្តានុពលទេសចរណ៍កម្ពុជានៅទីផ្សារចិន។
លោកPeng Binបានថ្លែងអំណរគុណ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រសួងទេសចរណ៍ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីខេត្តយូណាន ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងទេសចរណ៍ លើការផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ ការផ្លាស់ប្តូរបទពិសោធន៍រវាងប្រព័ន្ធផ្សព្វផ្សាយ ការរៀបចំព្រឹត្តិការណ៍រួម និងការជំរុញការធ្វើដំណើរទេសចររវាងកម្ពុជា និងខេត្តយូណាន ឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយ ជាពិសេសតាមរយៈការរួមបញ្ចូល “ប្រព័ន្ធផ្សព្វផ្សាយ និងទេសចរណ៍”។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រីបានផ្តល់ការគំាទ្រ និងកិច្ចសហប្រតិបត្តិការលើសំណើរួមបញ្ចូល “ប្រព័ន្ធផ្សព្វផ្សាយ + ទេសចរណ៍” ដែលនឹងជាយន្តការដ៏សំខាន់ ក្នុងការពង្រីកទីផ្សារទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសចិន ជាពិសេសខេត្តយូណាន។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
លោករដ្ឋមន្ត្រី បានស្នើខេត្តយូណាន បន្តគាំទ្រ និងចូលរួមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម និងបណ្តាញអ្នកបង្កើតមាតិកា (Influencer) របស់ភាគីចិន រួមទាំងការផលិតវីដេអូ ភាពយន្តឯកសារ និងការផ្សាយបន្តផ្ទាល់ (Live Streaming) ដើម្បីនាំយក “អច្ឆរិយភាពកម្ពុជា” ទៅកាន់ប្រជាជនចិនឱ្យកាន់តែទូលំទូលាយ លើកកម្ពស់គោលដៅទេសចរណ៍ និងបេតិកភណ្ឌពិភពលោករបស់កម្ពុជា ព្រមទាំងជំរុញការធ្វើដំណើរទេសចរទៅវិញទៅមករវាងកម្ពុជា និងចិន និងជួយផ្សព្វផ្សាយគោលនយោបាយ លើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងបន្តគាំទ្រការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់អ្នកសារព័ត៌មាន ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកា និងអ្នកផលិតភាពយន្តចិន មកស្វែងយល់ និងផលិតមាតិកាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនមកកម្ពុជាកាន់តែច្រើន៕








