ដោយៈ ចំណាន
ព្រះសីហនុៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា ភាពស្អាត មិនមែនគ្រាន់តែជាបញ្ហា សោភ័ណភាពនោះទេ ប៉ុន្តែជាផ្នែកមួយ នៃគុណភាពផលិតផលទេសចរណ៍ ជារូបភាពរបស់គោលដៅ ជាកេរ្តិ៍ឈ្មោះ និងជាកត្តាប្រកួតប្រជែងដ៏សំខាន់របស់វិស័យទេសចរណ៍”។
លោកបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “យុទ្ធនាការសម្អាតឆ្នេរដើម្បីលើកកម្ពស់ទេសចរណ៍ តាមឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក” ក្រោមពាក្យស្លោក “ឆ្នេរស្អាត និរន្តរភាពទេសចរណ៍ សហគមន៍រឹងមាំ”។
យុទ្ធនាការសម្អាតឆ្នេរជាយុទ្ធនាការមួយ ដ៏មានសារៈសំខាន់ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ អភិរក្សបរិស្ថាន ធនធានធម្មជាតិនៅក្នុងសមុទ្រ ចូលរួមរក្សាបាននូវសោភណភាព សន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ច សង្គម សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, លោក អេនរីកូ ហ្គាវេលីយ៉ា (Mr. Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា (UNDP) និងមន្រ្តីពាក់ព័ន្ធ។
ថ្លែងនាឱកាសនេះ លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលផ្លែផ្កាជាច្រើន ដែលកើតចេញពីការដឹកនាំរបស់ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានបន្តមកពីអតីតអភិបាល ខេត្តព្រះសីហនុគ្រប់ជំនាន់ រួមជាមួយកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្ត មន្ទីរពាក់ព័ន្ធជុំវិញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមអភិវឌ្ឍខេត្តព្រះសីហនុដែលជាខេត្តតំបន់ឆ្នេរ (K4) ដ៏ល្អឯក នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់វិស័យទេសចរណ៍។
ទន្ទឹមនេះ លោករដ្ឋមន្រ្តី មានប្រសាសន៍ថា តំបន់ឆ្នេរសមុទ្រកម្ពុជារបស់យើងសម្បូរទៅដោយ សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល និងធនធានទេសចរណ៍ដ៏មានតម្លៃ រួមមាន កោះតូចធំជាច្រើន ទឹកសមុទ្រថ្លាឈ្វេង ឆ្នេរខ្សាច់សក្បុស ព្រៃកោងកាង ផ្កាថ្ម និងជីវចម្រុះសមុទ្រដ៏សម្បូរបែប។ សម្បត្តិធម្មជាតិដ៏វិសេសវិសាលទាំងនេះ មិនត្រឹមតែមានតម្លៃខ្ពស់ផ្នែកបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានផងដែរ។
ទាំងនេះ គឺជាគុណតម្លៃដ៏មហាសាលនៃសមុទ្រកម្ពុជា ដែលជាធនធានធម្មជាតិដ៏មានតម្លៃ និងជាផលិតផលទេសចរណ៍ប្រកបដោយសក្តានុពលខ្ពស់ ស័ក្តិសមនឹងកិត្តនាមជា “តារារះនាទិសនរតី”។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានបន្តថា កំណើននៃសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ ក៏អាចនាំមកជាមួយនូវបញ្ហាប្រឈមផ្នែកបរិស្ថានមួយចំនួនផងដែរ ក្នុងនោះ បញ្ហាសំណល់ប្លាស្ទិក គឺជាបញ្ហាមួយដែលទាមទារឱ្យយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ និងចូលរួមដោះស្រាយជាបន្ទាន់។ ភ្ញៀវទេសចរម្នាក់អាចជ្រើសរើសមកកាន់គោលដៅទេសចរណ៍ នៅតំបន់ឆ្នេររបស់យើង ដោយសាររូបភាពឆ្នេរស្អាត ទឹកសមុទ្រថ្លា និងធម្មជាតិបៃតង។
ប៉ុន្តែភ្ញៀវក៏អាចមិនត្រឡប់មកវិញ ប្រសិនបើពួកគាត់បានឃើញសំរាមរាយប៉ាយ អនាម័យមិនល្អ ឬបរិស្ថានត្រូវបានបំផ្លាញ។
លោកហួត ហាក់បានបន្ថែមថា ការរក្សាឆ្នេរ និងសមុទ្រឱ្យបានស្អាតគឺជាការរក្សាមុខមាត់របស់កម្ពុជា។ ជាក់ស្តែង យុទ្ធនាការនាថ្ងៃនេះ មិនមែនគ្រាន់តែជាការជួបជុំគ្នាដើម្បីប្រមូលសំរាម ឬសម្អាតឆ្នេរក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបំផុសស្មារតី បង្កើនការយល់ដឹង និងជំរុញការផ្លាស់ប្តូរឥរិយាបថនៅក្នុងសង្គម។ ការរួមគ្នាធ្វើឱ្យសកម្មភាពនៅថ្ងៃនេះ ក្លាយជាសារមួយដ៏មានឥទ្ធិពលថា៖ ការផ្លាស់ប្តូរឥរិយាបថ ចាប់ផ្តើមពីមនុស្សម្នាក់ៗ ចាប់ផ្តើមពីសកម្មភាពតូចៗ និងចាប់ផ្តើមពីថ្ងៃនេះតទៅ៕








