ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងទេសចរណ៍ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកសាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ មានសុពលភាពរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ និងជាការបន្តពង្រឹង កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ បន្ទាប់ពីអនុស្សរណៈលើកទី១ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកបានចូលរួមផ្តល់ការប្រឹក្សាផ្នែកច្បាប់ និងគាំទ្រការងាររបស់ក្រសួងទេសចរណ៍។
តាមរយៈអនុស្សរណៈនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តចូលរួមផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ ជួយសម្របសម្រួល និងដោះស្រាយវិវាទពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ព្រមទាំងចូលរួមសិក្សា និងផ្តល់អនុសាសន៍លើបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍វិស័យទេសចរណ៍ សំដៅរួមចំណែកកែលម្អក្របខណ្ឌគតិយុត្ត និងការពារផលប្រយោជន៍ភ្ញៀវទេសចរនៅកម្ពុជា។
ជាមួយគ្នានេះ លោកប្រធានគណៈមេធាវី បានគូសបញ្ជាក់ថា គណៈមេធាវី នឹងចូលរួមជួយរៀបចំសេចក្តីព្រាងច្បាប់ ឬបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សិក្សាពីភាពខ្វះចន្លោះនៃច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ក្នុងចំណោមមេធាវី និងសាធារណជន តាមរយៈសិក្ខាសាលា និងព្រឹត្តិការណ៍នានា។
លោករដ្ឋមន្ត្រី ក៏បានស្នើដល់គណៈមេធាវី បន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួង ក្នុងការរៀបចំ និងកែសម្រួលច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ សរុបចំនួន១០គម្រោង ព្រមទាំងផ្តល់វគ្គបណ្តុះបណ្តាលផ្នែកច្បាប់ដល់មន្ត្រីរាជការក្រសួងទេសចរណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ៕







