រដ្ឋមន្រ្តី​ទេសចរណ៍​បង្ហាញ​ពី​សារ​សំខាន់​លើ​សាសនា​ទាក់ទង​នឹង​វិស័យទេសចរណ៍​

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ ទេសចរណ៍ និងសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ វត្តអារាម និងទីសក្ការៈបូជា មិនត្រឹមតែជាទីកន្លែងគោរពប្រតិបត្តិតាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។នេះជាការលើកឡើងរបស់លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេស​ចរណ៍ និងលោកជំទាវ សុង ធីតា ប្រធានកិត្តិយសសាខាសមា​គមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកានៃសាខាសមាគមនារីក្រសួងទេសចរណ៍​ បានអញ្ជើញចូលរួម “ដំណើរទស្ស​ន​កិច្ចសិក្សា របស់សាខាសមាគមនារី ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងទេសចរណ៍”។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ដឹកនាំធ្វើសមាធិ និងប្រគេនឱវាទដោយសម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្ដាំ​វត្តនិគ្រោធវ័នគល់ទទឹង និងដោយមានការអញ្ជើញចូលរួម ពីលោកជំទាវ លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកានៃសាខាសមាគមនារីក្រសួងទេសចរណ៍, តំណាងសមាគមCATA តំណាងសមាគម CTF និងបងប្អូនអ្នកផលិតមាតិកាInfluencers ប្រមាណ២៥០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការរៀបចំដំណើរទស្សនកិច្ចសិក្សា ដ៏មានអត្ថន័យនេះ គឺដើម្បីផ្តល់ឱកាសដល់សមាជិកា បានសិក្សាស្វែងយល់អំពីគុណតម្លៃនៃព្រះពុទ្ធសាសនា ស្តាប់ធម្មឱវាទ និងយកព្រះពុទ្ធឱវាទមកអនុវត្តក្នុងការរស់នៅនិងការបំពេញភារកិច្ចប្រចាំថ្ងៃ បានរួបរួមគ្នាមកធ្វើបុណ្យ សន្សំកុសល និងពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង នៅក្នុងអង្គភាព និងស្ថាប័ន។

ថ្លែងក្នុងនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្រ្តី យកឱកាសដ៏ប្រពៃថ្លៃថ្លា​នេះ ក្រាបថ្វាយ បង្គំ ថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ប្រគេនចំពោះ សម្តេចព្រះឧត្តមវង្សាបណ្ឌិត ព្រះថេរានុត្ថេរៈ និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានអនុញ្ញាត និមន្តចូលរួម ព្រមទាំងទទួលបដិសណ្ឋារកិច្ច និងប្រោសប្រទានព្រះធម៌ទេសនា និងព្រះពុទ្ធឱវាទ ដល់គណៈប្រតិភូសមាគមនារីនៃក្រសួងទេសចរណ៍។

លោករដ្ឋមន្រ្តី ក៏បានថ្វាយប្រគេននូវសេចក្ដីគោរព កោតសរសើរ និងគោរពអរព្រះគុណយ៉ាងជ្រាលជ្រៅដល់ ព្រះគុណម្ចាស់ គូ សុភាព ដែលជានិច្ចជាកាល តែងតែបានផ្តល់នូវធម្មឱវាទ ដ៏មានតម្លៃដល់ពុទ្ធបរិស័ទ ផ្តល់អនុសាសន៍ល្អៗនៅ ក្នុងការអភិវ​ឌ្ឍវិស័យទេសចរណ៍ ជាពិសេស ការអភិ​វឌ្ឍទីអារាមនិគ្រោធវ័ន្ត ប្រកប​ដោយ​​សោភ័ណ​ភាព សណ្តាប់ធ្នាប់ ភាពស្អាត និងបរិស្ថានបៃតង មិនត្រឹមតែជាការលើកតម្កើងតម្លៃព្រះពុទ្ធសាសនា​ប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រែក្លាយវត្តអារាម​ឱ្យក្លាយជា គោលដៅទេសចរណ៍​សាសនា ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ទន្ទឹមនេះ លោកហួត ហាក់ ក៏មានប្រសាសន៍បន្តថា ទេសចរណ៍ និងសាសនា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ព្រោះវត្តអារាម និងទីសក្ការៈបូជា មិនត្រឹមតែជាកន្លែងគោរពប្រតិបត្តិ តាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិ។

ជាក់ស្តែង ទេសចរណ៍សាសនា បានផ្តល់ឱកាសដល់ភ្ញៀវទេស​ចរបានស្វែងយល់អំពីព្រះពុទ្ធសាសនា ចូលរួមពិធីបុណ្យប្រពៃណី អនុវត្តសមាធិ និងស្វែងរកសេចក្តីសុខផ្លូវចិត្ត ព្រមទាំងរួមចំណែកបង្កើតចំណូល គាំទ្រជីវភាពសហគមន៍ និងថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថា ការអភិវឌ្ឍទេសចរណ៍សាសនា ត្រូវគោរពក្រឹត្យក្រមវិន័យនៃព្រះពុទ្ធសាសនា ភាពស័ក្តិសិទ្ធិជាទីគោរពសក្ការៈ សេចក្តីថ្លៃថ្នូរ ព្រមទាំង​ធានា ភាពស្អាត បៃតង សុវត្ថិភាព សណ្តាប់ធ្នាប់ និងភាពស្ង​ប់ស្ងាត់។ ក្នុងស្មារតីនេះ ក្រសួងទេសចរណ៍ និងក្រសួងធម្មការ និងសាសនា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាបង្កើត និងធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍សាសនា ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេស​ចរណ៍សាសនារបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយ និងប្រកប​ដោយ​ចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here