ស្ថាប័ន​ចំនួន២​រៀប​ចំ​ពង្រឹង​លើ​ “បដិសណ្ឋារកិច្ចល្អ​ ទេសចរណ៍​មាន​សុវត្ថិភាព​”

ដោយៈ ចំណាន

   ព្រះសីហនុៈ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំសិក្ខាសាលា ស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព លោកហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានប្រចាំការគណៈកម្មការអន្តរក្រសួងសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស “គ.អ.ច.ទ​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ដោយមានការចូលរួមពីលោក សាមុត សុធារិទ្ធ អភិបា​លរ​ងនៃគណៈអភិបាលខេត្តព្រះសីហនុ ក្រុមការងារថ្នាក់ជាតិ គ្រូឧទ្ទេសមកពីក្រសួងទេសចរណ៍ និងគ្រូឧទ្ទេសមកពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រដ្ឋបាលខេត្ត ច្រកចេញចូលតែមួយសាលាខេត្ត រដ្ឋបាលក្រុងព្រះសីហនុ រដ្ឋបាលក្រុងកំពង់សោម រដ្ឋបាលក្រុងកោះរ៉ុង រដ្ឋបាលស្រុកជុំវិញខេត្ត ស្នងការដ្ឋាននគរបាលខេត្ត ក្រុង ស្រុក ចៅសង្កាត់ទាំងអស់នៃក្រុងទាំង៣ មន្ត្រីនគរបាលអន្ដោប្រវេសន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ គយ និងរដ្ឋាករស្វយ័តក្រុងព្រះសហនុ មន្ត្រីចត្តាឡីស័កកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នគរបាលអន្ដោប្រវេសន៍អាកាសយានដ្ឋានអន្ដរជាតិខេត្តព្រះសីហនុ គយ និងរដ្ឋាករស្វយ័​តអាកាសយានដ្ឋានអន្ដរជាតិខេត្តព្រះសីហនុ មន្ត្រីចត្តាឡីស័កកម្ពុជាអាកាសយានដ្ឋានអន្ដរជាតិខេត្តព្រះសីហនុ សមាគមន៍ទេស​ចរណ៍ខេត្តព្រះសហនុ សមាគមន៍ដឹកជញ្ជូនភ្ញៀវទេសចរខេត្តព្រះសហនុ និងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងខេត្តព្រះសីហនុ សរុបប្រមាណ១០០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះមានគោលបំណង គិតគូរយកចិត្តទុកដាក់លើកកម្ពស់ការផ្តល់សេវាបដិសណ្ឋារកិច្ចល្អ ផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរ នៅគ្រប់កន្លែងទាំងអស់ដែលភ្ញៀវទេសចរបានទៅដល់ និងបានទទួលសេវាកម្មទេសចរណ៍ ដើម្បីពង្រឹងភាពទាក់ទាញគោលដៅទេសចរណ៍ និងបង្កើនភាពពេញចិត្តរបស់ភ្ញៀវទេសចរ។

វិស័យទេសចរណ៍ គឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជាដែលមាន តួនាទីចូលរួមបង្កើតការងារ បង្កើនប្រាក់ចំណូល ជំរុញការវិនិយោគ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយ អរិយធម៌ វប្បធម៌ ប្រពៃណី និងសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។

លោកហោ សារុន បានបញ្ជាក់ថា “បដិសណ្ឋារកិច្ចល្អ” គឺជាផ្នែកមួយដ៏សំខាន់ មិនអាចខ្វះបាននៃការអភិវឌ្ឍទេសចរណ៍ ប្រកប​ដោយគុណភាព ព្រោះថាភ្ញៀវទេសចរ មិនបានចងចាំត្រឹមតែទីកន្លែងដែលពួកគាត់បានទៅទស្សនា សណ្ឋាគារដែលពួកគាត់បានស្នាក់នៅ ឬម្ហូបអាហា រដែលពួកគាត់បានទទួលទាននោះទេ អ្វីដែលពួកគាត់ចងចាំយូរអង្វែង គឺបទពិសោធន៍ អារម្មណ៍ ការទទួលស្វាគមន៍ ការយកចិត្តទុកដាក់ និងភាពមានសុវត្ថិភាព ដែលពួកគាត់ទទួលបានក្នុងអំឡុងពេលធ្វើដំណើរ។

លោកបញ្ជាក់ថា “អាចនិយាយបានថា បដិសណ្ឋារកិច្ចល្អ បង្កើតបទពិសោធន៍ល្អ បទពិសោធន៍ល្អបង្កើតការពេញចិត្ត ហើយការពេញចិត្តរបស់ភ្ញៀវ បង្កើតកេរ្តិ៍ឈ្មោះ និងភាពទាក់ទាញរបស់គោលដៅទេសចរណ៍”។

លោកបានមានប្រសាសន៍បន្តទៀតថា “បដិសណ្ឋារកិច្ចល្អ” គឺជាវប្បធម៌នៃការផ្តល់សេវា ដែលត្រូវចាប់ផ្តើមពីមន្ត្រីនៅច្រកចូលប្រទេស អាជ្ញាធរ សមត្ថកិច្ច អ្នកផ្តល់សេវាដឹកជញ្ជូន សណ្ឋាគារ ភោជនីយដ្ឋាន មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកលក់ដូរ និងប្រជាពលរដ្ឋនៅគោលដៅ ទេសចរណ៍។ រាល់ការប៉ះពាល់របស់ភ្ញៀវជាមួយមន្ត្រី ឬអ្នកផ្តល់សេវា គឺជាឱកាស មួយក្នុងការបង្កើត រូបភាព និងបទពិសោ​ធន៍របស់កម្ពុជា។

“សុវត្ថិភាព” គឺជាមូលដ្ឋាននៃទំនុកចិត្តរបស់ភ្ញៀវ៖ ភ្ញៀវទេសចរដែលមកកាន់ គោលដៅណាមួយ តែងតែចង់ដឹងថា៖ តើខ្ញុំមានសុវត្ថិភាពដែរឬទេ? តើខ្ញុំអាចទទួល បានជំនួយនៅពេលមានបញ្ហាដែរឬទេ? តើព័ត៌មានដែលខ្ញុំទទួលបានមាន ភាពត្រឹមត្រូវដែរឬទេ? តើខ្ញុំអាចធ្វើដំណើរប្រកបដោយភាពងាយស្រួល និងទំនុក ចិត្តដែរឬទេ?៕

LEAVE A REPLY

Please enter your comment!
Please enter your name here