រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ពង្រឹង​ធនធាន​មនុស្ស​លើ​ការងារ​នីតិកម្ម​

ដោយៈ ម៉ាណា

   ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានថ្លែងថា ការពង្រឹងសមត្ថភាពមន្ត្រីលើការងារនីតិកម្ម មិនមែនគ្រាន់តែជាការបង្កើនចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងសមត្ថភាពស្ថាប័ន និងមូលធនមនុស្ស ដើម្បីចូលរួមពង្រឹងនីតិរដ្ឋ អភិបាលកិច្ច និងធានាឱ្យការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន”។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ “វគ្គបណ្ដុះបណ្ដាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីលើការងារនីតិកម្ម ក្នុងវិស័យទេសចរណ៍” ដែលវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ពុទ្ធិថ្មីៗ និងពង្រឹងសមត្ថភាពមន្ត្រីរាជការ ក្រសួងទេសចរណ៍ ទាំងនៅថ្នាក់ក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត អំពីមូលដ្ឋានគ្រឹះនៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ ឱ្យមានឯកភាព អនុលោមភាព សង្គតិភាព និងសុវត្ថិភាពគតិយុត្តទាំងទម្រង់ និងខ្លឹមសារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីដ៏អធិកអធមនាព្រឹកនេះ មានការអញ្ជើញចូលរួមពីលោក ស៊ាង​ ផល្លា អនុ​រដ្ឋ​លេខាធិការ និង​ជា​ប្រធាន​លេខា​ធិការដ្ឋាន​ក្រុម​ប្រឹក្សា​នីតិ​កម្ម ​​នៃ​​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​ និងក្រុមមន្រ្តីពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គឺជាការងារដ៏មានសារៈសំខាន់ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល។ ជាពិសេស ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យអនុវត្តន៍ ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល” ដើម្បីពង្រឹងនីតិរដ្ឋ ប្រសិទ្ធភាព សន្តិសុខគតិយុត្ត និងការគោរពច្បាប់។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ បានឆ្លើយតបទៅនឹងផែនការការងារអាទិភាពទាំង៤ របស់ក្រសួងទេសចរណ៍ សម្រាប់ការពង្រឹងស្ថាប័នផ្ទៃក្នុង រួមមាន៖ ការកសាងលិខិតបទដ្ឋានគតិយុត្តិ សម្រាប់បម្រើវិស័យទេសចរណ៍ ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាង និងអភិវឌ្ឍធនធានមនុស្សឱ្យក្លាយជាមូលធនមនុស្សក្នុងវិស័យទេសចរណ៍ និងការថែរក្សាបរិយា​កាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here