រដ្ឋមន្រ្តីពង្រីកការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ភូមិភាគឦសាន

ដោយៈ ចំណាន

   ស្ទឹងត្រែងៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានបិទព្រឹត្តិ​ការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ “សក្កានុពលអេកូទេសចរណ៍ នៅតំបន់ភូមិភាគឦ​សាន ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦”។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង រួមជាមួយលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញទស្សនាស្តង់ពិព័រណ៍នានា ក្នុងព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្តង់ពិព័រណ៍នានាបាននាំមកនូវផលិតផល និងសក្តានុពលដ៏សម្បូរបែបពីមូលដ្ឋាន រួមមាន ផលិតផលសហគមន៍ ផលិតផលកសិ​កម្ម សិប្បកម្ម វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងផលិតផលច្នៃប្រឌិតជាច្រើន ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តស្ទឹងត្រែង និងតំបន់ភូមិភាគឦសាន។

ក្នុងឱកាសអញ្ជើញទស្សនាស្តង់ លោករដ្ឋមន្ត្រីបានសំណេះ​សំណាលជាមួយ សហគ្រិន អាជីវករ និងតំណាងសហគមន៍ ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រឹងគុណភាព ស្តង់ដា អនាម័យ ការវេចខ្ចប់ និងការរចនាផលិតផលឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាក់ទាញ ដើម្បីបង្កើនតម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ពីសារៈសំខាន់ នៃការផ្សារភ្ជាប់ “ផលិត​ផលមូលដ្ឋានទៅនឹងទីផ្សារទេសចរណ៍” ដោយលើកទឹកចិត្តឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មពាក់ព័ន្ធ បង្កើនការប្រើប្រាស់ផលិតផល ដែលផលិតដោយប្រជាពលរដ្ឋ និងសហគមន៍ក្នុងស្រុក។

លោកបញ្ជាក់ថា “ការធ្វើបែបនេះ មិនត្រឹមតែជួយបង្កើតទីផ្សារសម្រាប់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រាក់ចំណូល បង្កើតការងារ និងធ្វើឱ្យអត្ថប្រយោជន៍ពីវិស័យទេសចរណ៍បានចែកចាយកាន់តែទូលំទូលាយ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here