ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនចូលរួម ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី២០ (ITE-HCMC 2026) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៨ ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទទួលបន្ទុកវិស័យទេសចរណ៍នៃប្រទេសសមាជិក CLMV នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៨ នេះ គឺជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលបានបន្តពង្រឹងស្មារតីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងការអនុវត្តចក្ខុវិស័យរួម ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍រួម ការតភ្ជាប់ការធ្វើដំណើរឆ្លងកាត់ព្រំដែន ការកសាងសមត្ថភាព និងការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍តំបន់។
នៅក្នុងកិច្ចប្រជុំដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីទាំងបួន បានកត់សម្គាល់របាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីទេសចរណ៍ CLMV លើកទី៨ ព្រមទាំងបានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ២០២៦-២០២៨ និង សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៨ ដើម្បីតម្រង់ទិសការអនុវត្តកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងបួនឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់លទ្ធផលជាក់ស្តែងរួម។
តាមរយៈកិច្ចប្រជុំអន្តរជាតិប្រកបដោយផ្លែផ្កានេះ ភាគីទាំងបួនបានឯកភាពបន្តជំរុញការអនុវត្តផែនការសកម្មភាពរួមឆ្នាំ២០២៦-២០២៨ តាមរយៈការផ្សព្វផ្សាយគោលដៅទេសចរណ៍រួម ការសម្រួលការធ្វើដំណើរ និងការតភ្ជាប់ទេសចរណ៍ឆ្លងកាត់ព្រំដែន ការកសាងសមត្ថភាពមន្ត្រីទេសចរណ៍ ការពង្រឹងការចូលរួមរបស់វិស័យឯកជន និងសហគមន៍មូលដ្ឋាន ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងទទួលខុសត្រូវ ស្របតាមចក្ខុវិស័យរួមគ្នា និងនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជននៃប្រទេសសមាជិក CLMV ទាំងបួន។
កម្មវិធីទី១២ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម
ទីក្រុងហូជីមិញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។







