ក្រសួង​បង្កើន​ការ​អភិវឌ្ឍ​សមត្ថភាព​អ្នក​ជំនាញ​ទេសចរណ៍​ ស្រប​តាម​ស្តង់ដាជាតិ ​និង​អាស៊ាន​

ដោយៈ ចំណាន

ភ្នំពេញៈ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “សិក្ខាសាលាផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍ អមដោយពិធីប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដាអាស៊ាន (ASEAN MRA-TP)ឆ្នាំ២០២៦»។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមជ័យលាភីចំនួន១៤៥រូប ក្នុងនោះស្ត្រី៦៦រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល ៧ថ្ងៃដោយជោគជ័យ និងក្លាយជាគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ស្របតាមស្តង់ដាអាស៊ាន ដើម្បីបន្តចែករំលែកចំណេះដឹង បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់សិស្ស និស្សិត និងបុគ្គលិកនៅតាមអង្គភាពរៀងៗខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ លោកហួត ហាក់បានបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការងារអាទិភាពដ៏សំខាន់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់ “មនុស្ស” ជាអាទិភាពទី១។

ក្នុងគោលបំណងកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយជំនាញ និងមានសមត្ថភាពប្រកួត​ប្រជែង ឆ្លើយតបទៅនឹងគោលដៅ  “ប្រជាពលរដ្ឋម្នាក់មានជំនាញ ​មួយយ៉ាងតិចប្រចាំជីវិត” និងអភិក្រម  “រៀនឱ្យចេះ រៀនឱ្យចប់​ រៀន​ឱ្យមានការងារធ្វើ”។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ បន្តយកចិត្តទុកដាក់លើការពង្រឹងគុណវុឌ្ឍិ សមត្ថភាព ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងផលិតភាព តាមរយៈការបណ្តុះបណ្តាលថ្មី និងបន្ថែម (Reskilling and Upskilling) ដើម្បីធានាការផ្តល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ និងភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជាលទ្ធផលកន្លងមក ក្រសួងទេសចរណ៍បានបញ្ជូនមន្ត្រីជំនាញចំនួន ៣០រូប ទៅចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលអាស៊ាន និងអ្នកវាយតម្លៃបង្គោលអាស៊ាន និងបានបណ្តុះបណ្តាលបន្តដល់គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ បានប្រមាណ៨១៦រូប។ ជាមួយគ្នានេះ ក្រសួងបានទទួលស្គាល់ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍សរុបចំនួន ៩ទីតាំង ក្នុងនោះមាន ៤ទីតាំង អាចបណ្តុះបណ្តាលគុណវុឌ្ឍិអាស៊ានពេញលេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here