ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងប្រចាំកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣។
ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកទិត សីច័ន្ទលី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម និង លោក Julien Bert អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មកម្មបារាំងប្រចាំកម្ពុជា (CCIFC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ពិធីចុះហត្ថលេខាលើ MOU នេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម តំណាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មកម្មបារាំងប្រចាំកម្ពុជា (CCIFC) ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសបារាំង ប្រចាំកម្ពុជា (CCEF) ស្ថានទូតបារាំងប្រចាំកម្ពុជា និងបណ្ដាក្រុមហ៊ុន ដែលជាដៃគូឧបត្ថម្ភផងដែរ។
វេទិកាធុរកិច្ចកម្ពុជា-បារាំង ដើរតួជាវេទិកាដ៏សំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំង លើកកម្ពស់ដៃគូយុទ្ធសាស្ត្រ និងផ្តល់នូវការព្យាករណ៍ក្នុងលក្ខណៈពិសេស សម្រាប់ក្រុមហ៊ុន សហគ្រាស និងវិនិយោគិន ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជា និងលើសពីនោះផងដែរ៕








