ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងមន្រ្តីក្រុងនីងប៉ប្រទេសចិនជួបពិភាក្សាផ្តោតលើកិច្ចសហការ និងការវិនិយោគ

        ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតទទួលជំនួបសម្ដែងកាគួរសម និងពិភាក្សាការងារជាមួយលោក ហ្សូ លីពីង (XU Leping) អគ្គនាយករងការិយាល័យការបរទេសទីក្រុងនីងប៉ នៃសាធារណរដ្ឋ ប្រជាមានិតចិន។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តាងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តព្រះសីហនុ សូមស្វាគមន៍វត្តមានលោក ហ្សូ លីពីង អគ្គនាយករងការិយាល័យ ការបរទេសទីក្រុងនីងប៉ និងគណៈប្រតិភូ មកកាន់ទឹកដីតំបន់ឆ្នេរដ៏ស្រស់ស្អាត របស់ខេត្តព្រះសីហនុ ទំនាក់ទំនងការទូតកម្ពុជា-ចិន បានបង្កើតជាផ្លូវការក្នុងឆ្នាំ១៩៥៨ ប៉ុន្តែប្រជាជន នៃប្រទេសយើងទាំងពីរ មានការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធរាប់រយឆ្នាំកន្លងមកហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន តាមរយៈការបង្កើតការផ្លាស់ប្តូរនេះ ប្រទេសកម្ពុជារំពឹងថា នឹងអាចស្រូបទាញអ្នកវិនិយោគ និងទេសចរចិន”។

ដើម្បីអបអរសាទរ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤” ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន នៃសាធា រណរដ្ឋប្រជាមានិតចិន និងរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ នៅអង្គរដ៏អស្ចារ្យនៅបរិវេណខាងជើងប្រាសាទបាយ័ន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ ក្នុងគោលបំណងផ្សព្វផ្សាយ គោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា និងទាក់ទាញអ្នកទេសចរមកកាន់កម្ពុជាកាន់តែច្រើន។

លោកម៉ាង ស៊ីណេត វាយតម្លៃខ្ពស់ចំពោះមហាមិត្តចិន តែងតែផ្តល់ការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក និងពេលបច្ចុប្បន្នលើគ្រប់វិស័យ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ ក្នុងនោះទីក្រុងនីងប៉ បានជួយលើវិស័យបណ្តុះបណ្តាលជំនាញ។ ប្រទេសយើងទាំងពីរ មានកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ទាំងក្នុងកម្រិតទ្វេរភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់ និងពិភពលោក។

លោក ហ្សូ លីពីន XU Leping អគ្គនាយករងការិយាល័យការបរទេសទីក្រុងនីងប៉បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២៣ GDP ទីក្រុងនីងប៉ ជាប់លំដាប់លេខ១២ ទូទាំងប្រទេស ដែលមានការលើកដាក់ទំនិញ១៣០០ពាន់លានតោន ទទួលបានលំដាប់លេខ១ជាប់ៗគ្នានៅទូទាំងប្រទេសចិន។

ទីក្រុងនីងប៉ មានសក្តានុពលវិស័យទេសចរណ៍ កំពង់ផែទឹកជ្រៅជាឧត្តមភាព នៃកិច្ចសហប្រតិបត្តិការ រវាងខេត្តក្រុងសម្ព័ន្ធភាព ត្រូវបានពង្រឹងពង្រីកបន្ថែមទៀត ហើយនៅឆ្នាំ២០២៤នេះ ទីក្រុងនីងប៉ បានរៀបចំព្រឹត្តិការណ៍និស្សិតសកលវិទ្យាល័យ ដែលមានខេត្តក្រុងសម្ព័ន្ធភាពចូលរួមផងដែរ។

ឆ្នាំ២០២៤ ជាឆ្នាំនៃព្រឹត្តិការផ្លាស់ប្តូរប្រជាជន នៃប្រទេសទាំងពីរ និងសូមអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅចូលរួមព្រឹត្តិកា​រណ៍ជួបជុំនិស្សិតនៅទីក្រុងនីងប៉ផងដែរ។

លោក ក៏បានធ្វើការកោតសរសើរខេត្តព្រះសីហនុ មានការអភិ​វឌ្ឍរីកចម្រើន ហើយការវិនិយោគល្អ ប្រតិភូនឹងស្វែងយល់ពីសក្តានុពលវិនិយោគនៅលើផ្នែកមួយចំនួន។ លោកសង្ឃឹមថា សភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសភាពាណិជ្ជកកម្មទីក្រុងនីងប៉ និងធ្វើការងារជាមួយគ្នា ដើម្បីជំរុញឱ្យមានការវិនិយោគ មកកាន់ខេត្តព្រះសីហនុបន្ថែមទៀត ហើយកិច្ចសហប្រតិបត្តិការរវាងទីក្រុងនីងប៉ និងខេត្តព្រះសីហនុ ទទួលបានសុភមង្គលវាសនារួម រវាងទីក្រុងនីងប៉ និងខេត្តព្រះសីហនុ កាន់តែល្អនាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here