ទំហំពាណិជ្ជកម្ម​កម្ពុជា​ ជាមួយ​ប្រទេស​ដៃគូ​កើន​ដល់​ជាង​៥០​ពាន់​លានដុល្លារ​

ដោយៈ ចំណាន

ភ្នំពេញៈ ទិន្ន័យបានបង្ហាញថា ទំហំពាណិជ្ជកកម្ម​អន្តរជាតិ​របស់​កម្ពុជា​នៅ​តែ​បន្ត​ភាព​វិជ្ជមាន ​ដោយ​​ក្នុង​រយៈ​ពេល៨ខែឆ្នាំ២០២៦ នេះ​មាន​ទំហំសរុបជាង៥០ពាន់លាន​ដុល្លារ កើនឡើង​ជាង២០ភាគរយ។

ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​កម្ពុជា រួម​មាន​ ចិន ​អាមេរិក ​និង​វៀតណាម។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យ​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា(​GDCE)ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា បង្ហាញ​ថា​ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា ជាមួយ​​ប្រទេស​ដៃគូ​អន្តរជាតិទាំង​អស់ ចន្លោះ​ពី​ខែ​មករា-​សីហា ឆ្នាំ​​២០២៦ មាន​តម្លៃ​សរុប៥០,៦៨ ​ពាន់លានដុល្លារ ​កើន​ឡើង​២០,២% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៥។ ក្នុង​ចំនួន​នេះ គឺ​​កម្ពុជា​នាំចេញ២៤,១៦ពាន់លានដុល្លារ កើនឡើង១៩,៧ ភាគរយ។ ចំណែក​​ទំនិញ​នាំ​ចូល​មក​វិញ២៦,៥២ ​ពាន់លានដុល្លារ ​កើន​ឡើង​ ២០,៧%។

ទំនិញសំខាន់ៗ​ដែល​​កម្ពុជា នាំចេញទៅទីផ្សារ​អន្តរជាតិ រួមមាន ​ផលិតផល​សម្លៀកបំពាក់ ​ស្បែកជើង ​សម្ភារ​ធ្វើដំណើរ​ ​ផលិតផល​កសិកម្ម សំបកកង់រថយន្ត គ្រឿង​បង្គុំអេឡិចត្រូនិក-អគ្គិសនី ​និង​សង្ហារឹម ជា​ដើម​។ ចំណែក​ទំនិញ​នាំចូល​មាន​ដូចជា វត្ថុធាតុ​ដើម​ក្នុង​វិស័យ​កាត់ដេរ រថយន្ត ប្រេងឥន្ធនៈ គ្រឿង​អេឡិចត្រូនិក និង​ឱសថ ជា​ដើម។

សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច លោក ឌុច ដារិន្ទ បានមានប្រសា​សន៍ឲ្យដឹងថា កំណើន​ពាណិជ្ជកម្មអន្តរជាតិ គឺ​បញ្ជាក់​ថា​ផលិតផល​កម្ពុជា​កំពុង​មាន​តម្រូវការខ្ពស់ ខណៈ​ចំនួន​គម្រោង​វិនិយោគ​លើរោងចក្រ/សហគ្រាស​នៅ​កម្ពុជា ​ក៏​កំពុង​​កើន​ឡើង​ជា​ច្រើនដែរ​។ លោក​បន្ថែម​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី និង​ពហុភាគី​ដែល​រដ្ឋាភិបាល​​បាន​ចុះហត្ថលេខា​ជាមួយ​​ប្រទេសចិន កូរ៉េ និង​RCEP ក៏​ជា​ចំណែកសំខាន់​​ដែលរួម​ ចំណែកធ្វើ​ឱ្យ​ការ​នាំ​ចេញ-នាំចូលទំនិញ​​របស់​កម្ពុជាជា​មួយ​ទីផ្សារ​អន្តរជាតិ​​មាន​កាន់​តែ​ច្រើនផងដែរ​​។

លោក​បន្ត​ថា “​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផ្នែក​ឯកជន​ក៏​បាន​ធ្វើ​កិច្ច​ការ​ជាច្រើន​ផងដែរ ដើម្បី​ផ្សព្វផ្សាយ និង​ទាក់​ទាញ​ភ្ញៀវ​ និង​វិនិយោគិន​អន្តរជាតិ​ឱ្យ​ចូល​មក​ប្រទេស​កម្ពុជាកាន់​តែ​ច្រើន”​។​

លោក​បាន​ពន្យល់​ថា ការនាំចេញកើនឡើង គឺ​ដោយសារវិស័យកាត់ដេរ ទំនិញធ្វើដំណើរ កសិផល និងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ទន្ទឹមនឹងនេះ ការនាំចូលក៏កើនឡើងដែរ ដោយសារសេដ្ឋកិច្ចកម្ពុជា ត្រូវការនាំចូលវត្ថុធាតុដើម គ្រឿងម៉ាស៊ីន និងប្រេងឥន្ធនៈជាដើម ដើម្បីគាំទ្រការផលិត ការវិនិយោគ និងកំណើនសេដ្ឋកិច្ច។

កាលពី​ឆ្នាំ​២០២៥ ​ការ​នាំ​ចេញ​-នាំចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយ​​ដៃគូ​អន្តរជាតិ​ទាំង​អស់ មានទំហំ​ទឹក​ប្រាក់​សរុប៦៥,២៥ ពាន់​លាន​ដុល្លារ កើន​ ១៧,៦៦% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ដែល​មាន​ ៥៥,៤៥ ពាន់​លាន​ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here