ទីតាំងអាជីវកម្មកាន់តែច្រើនត្រូវបានបិទជាបន្តបន្ទាប់ ខណៈពលរដ្ឋកាន់តែបារម្ភ

ដោយៈលក្ខិណា

ភ្នំពេញៈ ចាប់តាំងពីផ្ទុះនូវព្រឹត្តិការណ៍ ឆ្លងសហគមន៍ជាលើកទី៣ ( ២០ កុម្ភៈ ) អាជ្ញាធរកម្ពុជា បានរកឃើញទីតាំងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ហើយអាជីវកម្មជាច្រើនក៏បានបិទ ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធមកធ្វើតេស្តនិង ធ្វើចត្តាឡីស័ក។

យោងតាមរបាយការណ៍របស់អាជ្ញាធរ ដែលត្រូវបានចែកចាយតៗគ្នាបានឱ្យដឹងថា ទីតាំងចំនួន៤៧ទីតាំងហើយបានបិទ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ហើយអាជ្ញាធរកំពុងស្វែងរក ដែលជាប់ពាក់ព័ន្ធជាច្រើនទៀតផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបិទទីតាំងអាជីវកម្មទាំងនេះ វាបានប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាពល​រដ្ឋជាច្រើនផងដែរ ដូចជាក្រុមអ្នករត់ម៉ូតូឌុប កង់បី តាក់ស៊ី និងក្រុមហ៊ុនលក់ម្ហូបអាហារនៅក្បែរអាជីវកម្មទាំងនោះផងដែរ។

ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ លោកវ៉ន ពៅបានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៣ កុម្ភៈនេះថា  ការបិទអាជីវកម្ម វាពិតជាប៉ះពាល់ដល់អាជីវករ និងអ្នកដែលទទួលបានប្រយោជន៍ ពីទីតាំងអាជីវកម្មទាំងនោះ ក៏ប៉ុន្តែដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្តទៀត អាជ្ញាធរធ្វើបែបនេះគឺជាការត្រឹមត្រូវ  ហើយបើសិនជាបណ្ដែតបណ្ដោយ  ឱ្យមានបើកបន្តទៀត នឹងធ្វើឱ្យវិបត្តិនៃបញ្ហាកាន់តែធ្ងន់ធ្ងរ ។

លោកបន្តថា “អ្នកប៉ះពាល់ពីការបិទអាជីវកម្មនោះ ដំបូងគឺបុគ្គលិកបម្រើការនៅទីតាំងទាំងនោះ បន្ទាប់មកគឺអ្នកដែលបានផលប្រយោជន៍ ជាប្រយោល ដូចជាអ្នកផ្គត់ផ្គង់សេវាកម្មសម្រាប់បុគ្គលិកនៅក្នុងទីតាំងនោះជាដើម”។

ចំណែកលោក ចាន់ថា អ្នករត់កង់បីនៅភ្នំពេញមួយរូប បានឱ្យដឹងថា ចាប់តាំងពីកូវីដ១៩ឆ្លងសហគមន៍ជាថ្មី លោកចាប់ផ្ដើមខ្លាចរអារ និងលែងចង់ដឹកភ្ញៀវទៀតហើយ ខណៈមុនពេលកើតមានបញ្ហានេះ លោកក៏បានសម្រាកនៅផ្ទះជាច្រើនខែ ដើម្បីការពារខ្លួន តែពេលនេះវាជាបញ្ហាធ្ងន់ជាងមុនៗ ដោយសារតែការឆ្លងលឿនពេក ហើយរដ្ឋាភិបាលក៏បានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នពីការឆ្លងលឿននេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here