ផ្សារហ៊ុននៅតំបន់អាស៊ីទទួលបានលំហូរចូលពីបរទេសដ៏ធំបំផុត ក្នុងរយៈពេលបីខែ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ជនបរទេសបានងាកមកទិញភាគហ៊ុនអាស៊ី នៅក្នុងខែមេសា ខណៈមានការរំពឹងទុកជាច្រើនដែលថា ធនាគារកណ្តាលអាមេរិកនឹងផ្អាកវដ្ត នៃការរឹតបន្តឹងដ៏ខ្លាំងក្លារបស់ខ្លួន និងដោយសារកត្តាផ្សេងទៀតដូចជា ប្រាក់ដុល្លារធ្លាក់ថ្លៃ។

ទិន្នន័យពីផ្សារហ៊ុននៅក្នុងប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ និងវៀតណាម បានបង្ហាញថា ជនបរទេសបានទិញភាគហ៊ុនសុទ្ធ ចំនួន៨៧២លានដុល្លារ ក្នុងខែមេសា ដែលជាការទិញប្រចាំខែដ៏ធំបំផុតចាប់តាំងពីខែមករា។

ការភ្នាល់គ្នាលើការរឹតបន្តឹង អត្រាការប្រាក់បន្ថែមទៀតពីសំណា ក់ធនាគារ Fed បានធ្លាក់ចុះនាពេលថ្មីៗនេះ ខណៈដែលការដួលរលំធនាគារក្នុងតំបន់ចំនួន៣ របស់សហរដ្ឋអាមេរិក បានបង្កឱ្យមានការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ច ខណៈដែលអត្រាការប្រាក់ដ៏ខ្ពស់បានបង្កើនការចំណាយលើការខ្ចីប្រាក់ សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់កាលពីថ្ងៃពុធ ដូចដែលបានរំពឹងទុក ហើយវាបានបង្ហាញពីសញ្ញាថា ធនាគារនេះអាចនឹងផ្អាកការដំឡើងបន្ថែមទៀត ដើម្បីផ្តល់ពេលវេលាដល់មន្ត្រីក្នុងការវាយតម្លៃផលអវិជ្ជមាន ចេញពីការដួលរលំនៃធនាគារនាពេលថ្មីៗនេះ និងនិន្នាការអតិផរណា។

ការធ្លាក់ថ្លៃណាមួយនៅក្នុងភាគហ៊ុនអាស៊ី ដោយសារក្តីបារម្ភនៃការធ្លាក់ចុះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងក្លាយជាឱកាសសម្រាប់អ្នកវិនិយោគជាច្រើន ដោយសារកត្តាគាំទ្រមួយចំនួន ដូចជាការងើបឡើងវិញរបស់ប្រទេសចិន និងការងើបឡើងវិញនៃប្រាក់ចំណូលដ៏រឹងមាំ។

ផ្សារហ៊ុនរបស់ឥណ្ឌា បានទទួលទឹកប្រាក់សុទ្ធចំនួន១,៤២ពាន់លានដុល្លារនៃលំហូរចូលពីបរទេស ដែលជាចំនួនដ៏ធំបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារការហក់ឡើងថ្លៃ នៃភាគហ៊ុនក្នុងស្រុក។ជនបរទេស ក៏បានទិញភាគហ៊ុនឥណ្ឌូណេស៊ី កូរ៉េខាងត្បូង និងហ្វីលីពីនចំនួន៨៣០លានដុល្លារ និង៦១៦លានដុល្លារ និង៣៤លានដុល្លាររៀងៗគ្នាផងដែរ។ ចំណែក ភាគហ៊ុនរបស់ថៃបានជួបប្រទះលំហូរចេញចំនួន២៣១លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here