ដោយៈ ចំណាន
កំពតៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកយ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព”នៅខេត្តកំពត។
នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការហេលែខេលល័រអន្តរជាតិ គាំទ្រដល់គម្រោងINAS បានបើកវគ្គបណ្តុះបណ្តាលស្តីពី “កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព” ដល់មន្ត្រីកសិកម្មឃុំ អាជ្ញាធរឃុំ នាយកសាលា ប្រធានមណ្ឌលសុខភាព មកពី១០ឃុំគោលដៅ នៃខេត្តតាកែវ និងកំពត។
ថ្លែងក្នុងពិធីបើក លោកបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ដោយបានណែនាំដល់ មន្ត្រីកសិកម្មឃុំ-សង្កាត់ ដែលជាតួអង្គសំខាន់នៃគម្រោង ត្រូវរកកសិករសហការរៀបចំសួនបន្លែតាមផ្ទះ ក៏ដូចជា គាំទ្រសហការជួយរៀបចំសួនបន្លែ នៅតាមសាលារៀនគោលដៅ តាមផែនការចង្អុលបង្ហាញរបស់គម្រោង។
សម្រាប់ពិធីបិទវគ្គបណ្តុះបណ្តាល លោកអនុរដ្ឋលេខាធិការ ខាត់ សុធី បានអញ្ជើញបិទវគ្គបណ្តុះបណ្ដាល និងបានចង្អុលបង្ហាញថា ដើម្បីឱ្យគម្រោងនេះជោគជ័យ តួអង្គពាក់ព័ន្ធទាំងអស់ គឺមន្ត្រីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន សាលារៀន និងមណ្ឌលសុខភាព ត្រូវធ្វើការជាមួយគ្នាដោយស្មារតីទទួលខុសត្រូវរួម ក្នុងការលើកកម្ពស់សុខមាលភាពពលរដ្ឋក្នុងសហគមន៍ ដើម្បីឈានទៅរកការកាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាកង្វះអាហារូបត្ថម្ភ សម្រាប់ពលរដ្ឋកម្ពុជា ដោយផ្តោតលើកុមារនៅជនបទជាអាទិភាព។
គម្រោងINAS ជាគម្រោងមួយ ដែលជាសមាហរណកម្មនៃវិស័យកសិកម្ម អប់រំ និងសុខាភិបាល ដើម្បីទទួលបានអាហារូបត្ថម្ភកាន់តែប្រសើរឡើងនៅសហគមន៍។
តួអង្គអនុវត្តគឺមន្ត្រីកសិកម្មឃុំ សាលាបឋមសិក្សាគោលដៅ មណ្ឌលសុខភាព ដែលសម្របសម្រួលតម្រង់ទិស សហការដោយអាជ្ញាធរឃុំ ភូមិ ដោយត្រូវគាំទ្រកសិករដែលមានកូនតូច ក្រោមអាយុ៥ឆ្នាំ និងសាលារៀនឱ្យមានសួនបន្លែ ជាប្រភេទបន្លែដែលមានអាហារូបត្ថម្ភខ្ពស់ ក្នុងគោលបំណងកាត់បន្ថយស្ថានភាពស្គមស្គាំង របស់កុមារដោយសារកង្វះអាហារូបត្ថម្ភ៕











