លោកយក់ ចំរើនរឹទ្ធ: វិស័យធានារ៉ាប់រងក្នុងឆ្នាំ២០២១នេះអាចងើបឡើងក្នុងកម្រិតតិចតួច

ដោយ: លក្ខិណា

ភ្នំពេញ៖ វិស័យធានារ៉ាប់រងក៏ដូចជាវិស័យសំខាន់ៗជាច្រើនទៀត គាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរាយការណ៍ថា រងផលប៉ះពាល់ដោយសារតែកូវីដ១៩ ហើយនៅឆ្នាំ២០២១នេះ វិស័យនេះក៏នៅមិនទាន់អាចនឹងឆ្លងផុតពីវិបត្តិនៅឡើយ ដោយសារវ៉ាក់សាំងកូវី១៩ នៅតែមានភាពស្រពេចស្រពិលនៅឡើយ។

លោកយក់ ចំរើនរឹទ្ធអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅកម្ពុជា ហ្វតតេ បានមានប្រសាសន៍តាមទូរសព្ទនៅថ្ងៃទី៨ ខែមករានេះថា ក្នុងឆ្នាំ២០២១នេះ វិស័យធានារ៉ាប់រងក៏នៅតែមិនទាន់ច្បាស់ថានឹងមានកំណើនឡើងវិញនោះដែរ ដោយសារតែវ៉ាក់សាំងកូវីដ១៩នៅមិនទាន់បញ្ជាក់ពីប្រសិទ្ធភាពបានកម្រិតនៅឡើយ។

ទោះជានេះក្តី លោកអះអាងថា វិស័យនេះអាចនឹងងើបឡើងវិញក្នុងកម្រិតតិចតួចនៅឡើយ និងរង់ចាំមើលវ៉ាក់សាំងកូវីដ១៩ ដែលពិភពលោកកំពុងតែចាក់ជូនពលរដ្ឋក្នុងបណ្ដាប្រទេសមួយចំនួនលើពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា វិស័យធានារ៉ាប់រងកម្ពុជាក៏មានការពាក់ព័ន្ធនឹងអាជីវកម្មលើពិភពលោកដែរ បើសិនជាអាជីវកម្ម និងសកម្មភាពពាណិជ្ជកម្មមិនទាន់មានដំណើរការល្អឡើងវិញ វិស័យធានារ៉ាប់រងនៅកម្ពុជានៅមិនទាន់មានសម្មភាពប្រសើរដូចគ្នា តែយ៉ាងណាក្ដី ទោះបីជាកម្ពុជាជួបវិបត្តិបែបនេះក្ដី ក៏ឃើញថា មានក្រុមហ៊ុនធានារ៉ាប់រងមួយចំនួន បានបើកដំណើរការនៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើសេវាកម្មជូនអតិថិជនកម្ពុជា។

លោកបន្ថែមថា ពិភពលោកក៏បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចពិភពលោករួចហើយក្នុងឆ្នាំ២០២១នេះ ហើយឃើញថាវាក៏មានកំណើនយឺត និងពិបាកក្នុងការស្ដារឡើងវិញ ដូច្នេះវិស័យធានារ៉ាប់រងក៏អាចនឹងមានកំណើនយឺតដូចនឹងកំណើនពិភពលោកដែរ។

យ៉ាងណាក្ដី បើតាមលោកម៉ី វ៉ាន់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កន្លងមកបានលើកឡើងថា ក្នុងវិបត្តិ ដែលកើតឡើងមកពីកូវីដ១៩ វិស័យធានារ៉ាប់រងបានបញ្ហាពីភាពរឹងមាំទៅវិញ ដោយពិនិត្យទៅមើលបុព្វលាភនៃវិស័យនេះ មានកំណើនប្រសើរធៀបនឹងឆ្នាំ២០១៩ មុនវិបត្តិកូវីដ១៩។

ក្នុងអំឡុខែសីហា ឆ្នាំ២០២០កន្លងទៅ ដោយសារតែបញ្ហាកូវីដ១៩ ក្រុមហ៊ុនធានារ៉ាប់រងជាច្រើនបានចូលជាសម្ព័ន្ធ ដើម្បីលក់កញ្ចប់សេវាធានារ៉ាប់កូវីដ១៩ ជូនភ្ញៀវ និងធុរជនបរទេស ដែលចូលមកកម្ពុជា ព្រមទាំងទទួលបានការគាំទ្រពីជនបរទេសជាច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here