ដោយៈ ម៉ាណា
ប្រទេសចិនៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ អញ្ជើញជាអធិបតីសម្ពោធស្តង់ពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២៣។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា និងអញ្ជើញជាអធិបតីសម្ពោធ ស្តង់ពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២៣ នៅ Zone D នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនេះ ក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការអន្តរក្រសួងរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានសម្របសម្រួល និងរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្មចំនួន ៨០ស្តង់ ដែលរួមមានក្រសួង សមាគម ក្រុមហ៊ុន សហគ្រាសកម្ពុជា ចូលរួមសរុបចំនួន៥០ ដោយបានដាក់តាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជា ផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម សូត្រ គ្រឿងអលង្ការ និងសេវាកម្មវិនិយោគនិងទេសចរណ៍។
ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំផ្ទះរួម (Common House) ដើម្បីតាំងបង្ហាញផលិតផល ពាក់ម៉ាក់សម្គាល់ភូមិសាស្ត្រ និងផលិតផលសក្តានុពលរបស់កម្ពុជាផងដែរ។
“ពិព័រណ៍ចិន-អាស៊ាន លើកទី២៣” (The 23rd China-ASEAN Expo) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ “កាលានុវត្តភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ជីវិតកាន់តែប្រសើរ” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលមានការតាំងបង្ហាញផលិតផលនិងសេវាកម្ម ពីក្រុមហ៊ុនមកពីបណ្តាប្រទេសអាស៊ានទាំង១១ ប្រទេសជាដៃគូ និងសាធារណរដ្ឋប្រជាមានិតចិន៕








