ដោយៈ ចំណាន
ភ្នំពេញៈ ជាជំហានដ៏សំខាន់ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ធនាគារនីហរ័ណ-អាហរ័ណចិន (China Exim Bank) និងក្រុមហ៊ុនផ្លូវទឹកឆ្នេរសមុទ្រ និងផ្លូវទឹកក្នុងប្រទេសហ្វូណនតេជោ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងឥណទាន ដែលមានទឹកប្រាក់ ជិត១ពាន់លានដុល្លារអាម៉េរិក នៅទីក្រុងសៀមិន ប្រទេសចិន។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ហិរញ្ញប្បទាននេះធានាបាននូវទុនចាំបាច់ សម្រាប់ផ្នែកស្នូលនៃគម្រោងវិនិយោគរួម ដែលអនុវត្តតាមទម្រង់ សាងសង់–ប្រតិបត្តិការ–ផ្ទេរ (BOT)។
លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុនR-Investment Group បានលើកជាសំណួរថា ហេតុអ្វីគម្រោងនេះ អាចនាំមកនូវការផ្លាស់ប្តូរដ៏ធំដល់ពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍? គឺគម្រោងនេះ នឹងផ្តល់នូវ “ឯករាជ្យភាពផ្នែកភស្តុភារកម្ម” ដោយព្រែកជីកប្រវែង១៨០គីឡូម៉ែត្រ នឹងតភ្ជាប់ប្រព័ន្ធទន្លេមេគង្គដោយផ្ទាល់ ទៅកាន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តកែប។
លោកបន្តថា គម្រោងនេះបង្កើតច្រកដឹកជញ្ជូនផ្លូវទឹក ទៅសមុទ្រដោយផ្ទាល់ កាត់បន្ថយការពឹងផ្អែក លើផ្លូវដឹកជញ្ជូនឆ្លងកាត់ និងការផ្ទេរទំនិញតាមច្រកប្រពៃណី ព្រមទាំងកាត់បន្ថយថ្លៃដឹកជញ្ជូន និងរយៈពេលធ្វើដំណើរយ៉ាងច្រើន។
ការផ្លាស់ប្តូរសេដ្ឋកិច្ច
លើសពីការដឹកជញ្ជូនទំនិញ គម្រោងនេះរួមបញ្ចូលការគ្រប់គ្រងធនធានទឹក ការគាំទ្រប្រព័ន្ធធារាសាស្ត្រសម្រាប់កសិកម្ម និងការបង្កើតតំបន់សេដ្ឋកិច្ចថ្មីៗនៅតាមបណ្តោយព្រែកជីក។
កិច្ចសហការរវាងរដ្ឋ និងឯកជន
បច្ចុប្បន្នគម្រោងទទួលបានទុន១,២ពាន់លានដុល្លារ ក្នុងចំណោមតម្លៃវិនិយោគសរុប១,៧ពាន់លានដុល្លារ។ រចនាសម្ព័ន្ធហិរញ្ញប្បទាននេះបង្ហាញពីការរួមបញ្ចូលគ្នា ជាយុទ្ធសាស្ត្ររវាងការវិនិយោគក្នុងស្រុក សម្រាប់កំណាត់ដំបូងប្រវែង២៦គីឡូម៉ែត្រ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលមានការចូលរួមពីដៃគូអន្តរជាតិ សម្រាប់កំណាត់នៅសល់ប្រវែង១៥៤ គីឡូម៉ែត្រ។
ឆ្ពោះទៅគោលដៅបញ្ចប់នៅឆ្នាំ ២០២៨
បន្ទាប់ពីពិធីបើកការដ្ឋានកាលពីខែសីហា ឆ្នាំ២០២៤ ការសាងសង់បានចាប់ផ្តើម ហើយគម្រោងកំពុងជំរុញការអនុវត្តឆ្ពោះទៅ គោលដៅបញ្ចប់នៅឆ្នាំ២០២៨។ នៅពេលដំណើរការពេញលេញ ព្រែកជីកនេះនឹងអាចទទួលនាវា ដឹកទំនិញចំណុះ៣.០០០ ទៅ៥.០០០ តោន ដែលនឹងនាំមកនូវការផ្លាស់ប្តូរ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។
កិច្ចសហការនេះបង្ហាញថា ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធខ្នាតធំកំពុងបន្តកែប្រែមុខមាត់របៀងសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្មទូទាំងអាស៊ាន៕









