ដោយៈ និស្ស័យ
ភ្នំពេញៈ
ឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំកំពូលវាយនភណ្ឌកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “កសាងអនាគត៖ បង្កើនភាពកួតប្រជែង និងចីរភាព”។
កម្មវិធីនេះ មានការចូលរួមពី លោកទេសរដ្ឋមន្ត្រី អនុប្រធានទី២ ក.អ.ក រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រីនាយិកានៃអង្គការILO ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវលោកអនុប្រធានសមាគម TAFTAC តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ, តំណាងម៉ាកយីហោអន្តរជាតិធំៗ អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ ព្រមទាំងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប។
ថ្លែងក្នុងសុន្ទរកថាគន្លឹះក្នុងឱកាសនោះ លោកស៊ុន ចាន់ថុលបានលើកឡើង អំពីចំណុចសំខាន់ៗជាច្រើនរួមមាន (១)សក្តានុពលនានា ដែលធ្វើឱ្យកម្ពុជា មានភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ ស័ក្តិសមជាគោលដៅវិនិយោគគួរពិចារណា (២) គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ តម្រង់ទិសប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តង់ដារការងារ ការគ្រប់គ្រងបរិស្ថាន និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
(៣) ការអនុវត្តឌីជីថលូបនីយកម្មក្នុងស្ថាប័នរដ្ឋ និងឯកជន ដែលចូលរួមជំរុញល្បឿនការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព។ (៤)យន្តការត្រៀមលក្ខណៈឱ្យរួចរាល់ សម្រាប់ច្បាមយកឱកាសនាពេលអនាគត ស្របតាមរបត់សេដ្ឋកិច្ចជាសកល ដោយពង្រឹងសមត្ថភាពវិស័យវាយនភណ្ឌ និងកាត់ដេរ ឱ្យមានភាពរីកចម្រើន ទំនើបទាន់សម័យ, និង(៥)ការបញ្ចប់ឋានៈជាប្រទេស ដែលមានការអភិវឌ្ឍន៍ទាប នាពេលខាងមុខរបស់កម្ពុជា ដោយបន្ថែមការយកចិត្តទុកដាក់ទៅលើបទប្បញ្ញត្តិអន្តរជាតិថ្មីៗស្តីពីសិទ្ធិមនុស្ស ការងារ និងបរិស្ថាន។
តាមរយៈកិច្ចប្រជុំកំពូលនេះ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា អ្នកចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ នឹងបានឈ្វេងយល់បន្ថែមអំពីមាគ៌ា នៃការរៀបចំកសាងអនាគត របស់វិស័យវាយនភណ្ឌ និងការកាត់ដេរនៅកម្ពុជា។
លើសពីនេះ លោកស៊ុន ចាន់ថុលបានរំពឹងថា កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាវេទិកាសម្រាប់ការកសាងទំនាក់ទំនង រវាងរាជរដ្ឋាភិបាល ស្ថាប័នសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធានាបានថាវិស័យវាយនភណ្ឌ និងការកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែង ប្រកបដោយចីរភាព និងបរិយាប័ន្ន។
កិច្ចប្រជុំកំពូលលើកទី១ ក្នុងវិស័យវាយភណ្ឌកម្ពុជានេះ ត្រូវបានរៀបចំឡើងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សមាគមវាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, និងសម្ភារៈធ្វើដំណើរនៅកម្ពុជា(Textile, Apparel, Footwear & Travel Goods Association in Cambodia – TAFTAC), អង្គការពលកម្មអន្តរជាតិ (International Labour Organization– ILO) តាមរយៈកម្មវិធី Better Factories Cambodia (BFC), សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham Cambodia) តាមរយៈកម្មវិធី Responsible Business Hub Cambodia (RBH Cambodia) និង កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ តាមរយៈកម្មវិធីGIZ៕