ក្រុមហ៊ុននាវាMAERSKស្វែងយល់ដើម្បីសហការគ្នាជាមួយកំពង់ផែខេត្តព្រះសីហនុ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួ​យក្រុមហ៊ុននាវា MAERSK ដើម្បីស្វែងយល់អំពីសមត្ថភាព និងប្រតិ​បត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅស្វែងរកឱកាសសហការរួមគ្នា។

តំណាងក្រុមហ៊ុននាវាខាងលើ ដឹកនាំដោយលោក Tassilo Brinzer អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និង​​ជាអនុប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន(EU-ABC) រួមជាមួយ លោក Rutger Heijsteeg នាយកគ្រប់គ្រងក្រុមហ៊ុន MAERSK Cambodia និងជាអនុប្រធានគណៈកម្មាធិការដឹកជញ្ជូន និងភស្តុភារកម្ម នៃ EuroCham។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនារសៀលនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ក្នុងគោលបំណងស្វែងយល់អំពីសមត្ថភាព និងប្រតិបត្តិការរបស់ ក.ស.ស. ឱ្យបានកាន់តែច្បាស់ និងស៊ីជម្រៅសំដៅស្វែងរកឱកាសសហប្រតិបត្តិការរួមគ្នានាពេលអនាគត។ ក្នុងនោះដែរមានការធ្វើបទបង្ហាញពីសំណាក់ លោកប្រធានអគ្គនាយក ក.ស.ស. អំពី៖ សាវតានៃការអភិវឌ្ឍ រចនាសម្ព័ន្ធគ្រប់គ្រង សេវាកម្ម ទិន្នន័យនៃការអភិវឌ្ឍ និងប្រតិបត្តិការ ផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងផែនការមេសម្រាប់ពេលអនាគត។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលក៏បានលើកឡើងបន្ថែមអំពី វិសាលភាពនៃវិស័យកំពង់ផែសមុទ្រ នៅទូទាំងប្រទេស វិស័យដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្រ សមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជូន និងវិស័យភស្តុភារកម្ម ដែលវិស័យទាំងអស់នេះមានអំណោយផលទៅវិញទៅមក និងចូលរួមជំរុញឱ្យវិស័យកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅកម្ពុជា កាន់តែមានសក្តានុពលខ្ពស់ថែមមួយកម្រិតទៀត។

បន្ទាប់ពីបានស្តាប់បទបង្ហាញ ដោយប្រធានអគ្គនាយក ក.ស.ស. និងការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូតំណាងក្រុមហ៊ុន MAERSK Cambodia បានបង្ហាញចំណាប់អារម្មណ៍ជាវិជ្ជមាន និងជំនឿចិត្តខ្ពស់ចំពោះសមត្ថភាព និងប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាវិស័យកំពង់ផែ និងវិស័យដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្ររបស់កម្ពុជាទាំងមូល។

តាមរយៈជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា គណៈប្រតិភូដែលបានចូលរួម នឹងផ្សព្វផ្សាយបន្តអំពីបទពិសោធន៍ល្អៗជុំវិញបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀតនៅក្នុងសហគមន៍ធុរកិច្ចរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា សំដៅបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here