ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមនិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន១៥០នាក់ ក្នុងឱកាសដំណើរទស្សនកិច្ចសិក្សា មកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកហឿន សំនៀង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយនិស្សិត នៃមហាវិទ្យាល័យអប់រំ សិល្បៈ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិចំនួន១៥០នាក់ ក្នុងឱកាសដំណើរទស្សនកិច្ចសិក្សាមកកាន់ក.អ.ក.។
ក្នុងឱកាសនេះ លោកអគ្គលេខាធិការរង បានធ្វើបទបង្ហាញជូននិស្សិតអំពីប្រវត្តិ បេសកកម្ម ចក្ខុវិស័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់ក.អ.ក. ព្រមទាំងបានដឹកនាំនិស្សិតទស្សនាទីតាំង និងការិយាល័យសំខាន់ៗរបស់ក.អ.ក. ដើម្បីស្វែងយល់អំពីបរិយាកាសការងារ និងដំណើរការបំពេញការងារជាក់ស្តែងរបស់ស្ថាប័ន។
គោលបំណងនៃដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីផ្តល់ឱកាសដល់និស្សិតបានសិក្សា ស្វែងយល់ដោយផ្ទាល់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងយន្តការបំពេញការងាររបស់ក.អ.ក. ក្នុងនាមជាស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការ និងជាច្រកចេញ-ចូលតែមួយរបស់រាជរដ្ឋាភិបាល លើការដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។
ទន្ទឹមនឹងនេះ ដំណើរទស្សនកិច្ចនេះ ក៏មានគោលបំណងផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តី ដែលនិស្សិតបានសិក្សាក្នុងថ្នាក់ ជាមួយការអនុវត្តជាក់ស្តែង ពង្រឹងការយល់ដឹងអំពី ការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងជំរុញការយល់ដឹង អំពីតួនាទីរបស់ស្ថាប័នសាធារណៈ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕








