ប្រតិភូធុរកិច្ចជប៉ុនមួយក្រុមស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

ដោយៈ ម៉ាណា

ភ្នំពេញៈ  បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច ជប៉ុនដែលដឹកនាំដោយ លោក រស់ រាសី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា​នៅតំបន់សេនដៃ ប្រទេសជប៉ុន។​

ក្នុងជំនួបនេះ លោក រស់ រាសី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​បណ្ឌិត អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីទទួលជួបពិភាក្សាការងារ។ លោក​ រស់​រាសី បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងជប៉ុន និងកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា “នេះជាដំណើរទស្សនកិច្ចរបស់ធុរជនជប៉ុន ដើម្បីស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ច និងទិដ្ឋភាពជាក់ស្ដែងជាមួយនិងការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សរបស់កម្ពុជានាពេលបច្ចុប្បន្ន”។ លោកបន្ថែមថា “​ធុរជនដែល​អញ្ជើញមកនាថ្ងៃនេះ មកពីវិស័យដូចជា​សុខាភិបាល គ្រឿងសម្អាង​ ពាណិជ្ជកម្ម​ ភោជនីយដ្ឋាន និងសេវាកម្មថែទាំមនុស្សចាស់។

គណៈប្រតិភូក៏បានសាកសួរស្វែងយល់ បន្ថែមអំពីឱកាសក្នុងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាផងដែរ។​

ជាកិច្ចឆ្លើយតប បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្ម របស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅជប៉ុន ​ដែលដឹកនាំដោយ​លោក រស់ រាសី។ បណ្ឌិតបានមានប្រសាសន៍ អំពីទំនាក់ទំនង​ដ៏យូរអង្វែងរវាងកម្ពុជា និងជប៉ុន​ និងការគាំទ្រជាច្រើនរបស់ជប៉ុន តាមរយៈជំនួយផ្សេងៗដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគតិយុត្តជាដើម។

នៅក្នុងនោះផងដែរបណ្ឌិត ក៏បានបញ្ជាក់ថានាពេលបច្ចុប្បន្នក៏មានវត្តមានក្រុមហ៊ុនជប៉ុនជាច្រើន ដែលកំពុងធ្វើការវិនិយោគនៅកម្ពុជា។ បណ្ឌិតក៏បានលើកយកវិស័យ ដែលមានសក្ដានុពលនៅកម្ពុជា​ដូចជាវិស័យសុខាភិបាល ពោលដោយសារមានតម្រូវការទីផ្សារខ្ពស់នៅកម្ពុជា ការនាំចេញនាំចូលទំនិញ និង​ការអប់រំបណ្តុះបណ្តាលបច្ចេ​កទេស និងវិជ្ជាជីវៈដែលជាចលករមួយ ក្នុងការជំរុញកម្លាំងពលកម្មទៅប្រទេសជប៉ុន។

បណ្ឌិតបានលើកទឹកចិត្តឲ្យធុរជនជប៉ុន វិនិយោគក្នុងវិស័យកសិ​កម្ម និងវិស័យផ្សេងៗនៅកម្ពុជាផងដែរ ពោលគឺដោយសារកម្លាំងពលកម្មគឺ មានតម្លៃទាបជាងប្រទេសដទៃ ហើយរាល់ការវិនិយោគតែង ទទួ​លបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here