វិស័យ​ឧស្សាហកម្ម​រួម​ចំណែក​៤៣,១​ភាគ​រយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​

ដោយៈ ចំណាន

    ភ្នំពេញៈ វិស័យឧស្សាកម្មក្នុងផលិតផលក្នុងស្រុកសរុប ដែលបានកើនឡើងពី២៤,១% ក្នុងឆ្នាំ២០១៣រហូតដល់៤៣,១% នៅឆ្នាំ២០២៥។

ជាមួយគ្នានេះ វិស័យឧស្សាហកម្មកម្ពុជា បាននិងកំពុងធ្វើពិពិធកម្មចេញពីការប្រមូលផ្ដុំកត្តាផលិតកម្ម ក្នុងវិស័យកម្មន្តសាលវាយន ភណ្ឌជាបណ្តើរៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាស លោកឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០២៦-២០៣៥។

កិច្ចប្រជុំនេះដឹកនាំដោយ លោកអ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំ ការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស)។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ សំណាក់ក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តំណាងគ្រឹះស្ថានសមាគម និងក្រុមហ៊ុន ឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

វិស័យឧស្សាហកម្មបានប្រែក្លាយ ជាកម្លាំងចលករដ៏សំខាន់ក្នុងសេដ្ឋកិច្ចជាតិ ឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នូវការរួមចំណែករបស់ វិស័យឧស្សាកម្មក្នុងផលិតផលក្នុងស្រុកសរុប ដែលបានកើនឡើងពី២៤,១% ក្នុងឆ្នាំ២០១៣រហូតដល់៤៣,១% នៅឆ្នាំ២០២៥។ជាមួយគ្នានេះ វិស័យឧស្សាហកម្មកម្ពុជា បាននិងកំពុងធ្វើពិពិធកម្មចេញពីការប្រមូលផ្ដុំកត្តាផលិតកម្ម ក្នុងវិស័យកម្មន្តសាលវាយន ភណ្ឌជាបណ្តើរៗ ដោយឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនូវ ការនាំចេញផលិតកម្មកម្មន្តសាលមិនមែនកាត់ដេរពី១% ក្នុងឆ្នាំ២០១៣ ដល់ ១៥,២៣% ក្នុងឆ្នាំ២០២៥ ។

ការដាក់ចេញនូវ “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០២៦-២០៣៥” គឺមានភាពចាំបាច់ និងបន្ទាន់ដើម្បីគោលដៅមួយចំនួនដូចជា ទី១. ពង្រឹង និងធ្វើពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្ម កម្ពុជាឱ្យកាន់តែស៊ីជម្រៅ ដោយកំណត់វិស័យឧស្សាហកម្មអាទិភាព ដែលជាប្រភពនៃកំណើន។

ទី២. លើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការបង្កើតតម្លៃបន្ថែម ការធ្វើមូលដ្ឋានូបនីយកម្ម និងការពង្រឹងការតភ្ជាប់រវាងក្រុមហ៊ុន វិនិយោគផ្ទាល់ពីបរទេស (FDI) និងសហគ្រាសក្នុងស្រុក។ ទី​៣. ជំរុញការចាប់យកបច្ចេកវិទ្យាទំនើប និងការផ្លាស់ប្ដូរទៅកាន់ថាមពលបៃតង ដើម្បីធានាចីរភាព និងស័ក្ដិសិទ្ធភាពនៃមូលដ្ឋាន ឧស្សាហកម្ម និង ទី៤. ពង្រឹងយន្តការស្ថាប័នក្នុងការជំរុញ, សម្របសម្រួល, តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ ដើម្បីធានាឱ្យបាន នូវតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here