ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានដឹកនាំប្រតិភូ និងមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមកិច្ចប្រជុំអន្តរក្រសួងចង្អៀតដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដី ចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់ ក្រោមអធិបតីភាពសហប្រធាន លោកអ៊ឹង សេរីវិសុទ្ធ អនុប្រធាន និងជាប្រធានក្រុមការងារទី១ នៃក្រុមប្រឹក្សាអ្នកច្បាប់ និងលោកនៅ បោនន័រ អនុប្រធាន និងជាប្រធានក្រុមការងារទី១ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីពាក់ព័ន្ធ។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីបន្តពិនិត្យ ពិភាក្សា ផ្លាស់ប្តូរយោបល់ និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដាញផ្លូវថ្នល់ សំដៅធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាពទៅនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីកំណត់យន្តការ និងវិធានការលើការប្រើប្រាស់ដីចំណីផ្លូវ និងរក្សាបាននូវសុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឧបសគ្គដែលរាំងស្ទះដល់ការអភិវឌ្ឍ និងការថែទាំងផ្លូវ។
ក្រោយពីបានពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងយកចិត្តដាក់ លើគ្រប់ទិដ្ឋភាពរួចមក អង្គប្រជុំបានសម្រេចឯកភាព ដូចខាងក្រោម៖ (១). បានកែសម្រួលលើពាក្យពេចន៍ និងខ្លឹមសារមួយចំនួនដែលមាននៅក្នុងបទប្បញ្ញត្តិដោយឡែក អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិនៃសេចក្ដីព្រាងអនុក្រឹត្យនេះ (២). បានកំណត់និយមន័យវាក្យសព្ទបច្ចេកទេសបន្ថែម នៅក្នុងសន្ទានុក្រម នៃសេចក្ដីព្រាងអនុក្រឹត្យនេះ (៣). កិច្ចប្រជុំអន្តរក្រសួងចង្អៀតត្រូវបានបញ្ចប់ និងបន្តកិច្ចប្រជុំអន្តរក្រសួងទូលាយ តាមការជូនដំណឹងរបស់ទីស្ដី ការគណៈរដ្ឋមន្រ្តីនាពេលក្រោយ៕









