ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងកសិកម្ម លោកហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាព បើកសិក្ខាសាលា បូកសរុបការងារអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ រយៈពេល ៦ខែ ឆ្នាំ២០២៦និងទិសដៅអនុវត្តបន្ត” នៅខេត្តមណ្ឌលគិរី។
កិច្ចប្រជុំកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ មានការចូលរួមពីលោកឃី កុសល អនុរដ្ឋលេខាធិការ និងជានាយកផ្នែកកសិកម្ម នៃគម្រោងLASEDIII និងមន្រ្តីពាក់ព័ន្ធ។
សិក្ខាសាលារៀបចំឡើង ដោយក្រុមហ៊ុនទីប្រឹក្សាផ្នែកបច្ចេកទេស Research Development Consultant Co., Ltd. (RDC) សហការជាមួយគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ នៅខេត្តមណ្ឌលគិរី។
សិក្ខាសាលាមានអ្នកចូលរួមសរុបចំនួន១០៩នាក់ ក្នុងនោះស្ត្រី ១០នាក់ មកពីក្រសួងកសិកម្ម មន្ទីរកសិកម្មខេត្ត មន្ត្រីសម្របសម្រួលអភិវឌ្ឍកសិកម្ម (ADF) ទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធនៃគម្រោងLASED III។
ក្នុងឱកាសនោះ សិក្ខាសាលាក៏បានរៀបចំកិច្ចពិភាក្សា ជាក្រុម ដើម្បីប្រមូលមតិយោបល់ សម្រាប់កែលម្អការវាយតម្លៃបំពេញបន្ថែមលើលទ្ធផល ដែលបានរកឃើញដោយក្រុមហ៊ុនRDC ចែករំលែកលទ្ធផល បទពិសោធន៍ មេរៀនដែលទទួលបាន បញ្ហាប្រឈម និងសកម្មភាពដែលបានស្នើឡើង ព្រមទាំងទទួលយកមតិកែលម្អ និងអនុសាសន៍ពីថ្នាក់ដឹកនាំគម្រោង។
ជាមួយគ្នានេះ សិក្ខាសាលាក៏បានពិភាក្សា លើវិធីសាស្ត្រវាយតម្លៃបន្ថែម ពាក់ព័ន្ធនឹងការធ្វើកសិកម្ម គិតគូរដល់អាហាររូបត្ថម្ភ ការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការចិញ្ចឹមសត្វ និងការអភិវឌ្ឍទីផ្សារ ព្រមទាំងកំណត់សកម្មភាពអាទិភាពបន្ថែម គាំទ្រអ្នកទទួលផលនៅក្នុងតំបន់TICs និងSLCs ចំនួន៣៣ ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។
សិក្ខាសាលាក៏បានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរួមរបស់គម្រោង និងភាគីពាក់ព័ន្ធ ក្នុងការពង្រឹងគុណភាពនៃការអនុវត្តសកម្មភាព និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋអ្នកទួលផល ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលដៅរបស់គម្រោង LASED III៕










