កម្ពុជារៀបចំ “ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា”

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាអំពីការរៀបចំយន្តការអនុវត្ត “ក្របខណ្ឌអភិវឌ្ឍន៍សួន កសិឧស្សាហកម្មនៅកម្ពុជា”។

កិច្ចប្រជុំនេះបានរួមសហការជាមួយ ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ដោយមានការចូលរួម ពីតំណាងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED) និងតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

“ក្របខណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា” ត្រូវបានរៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រោមការសហការជាមួយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីCAPRED ដោយបានធ្វើការសិក្សាសមិទ្ធិលទ្ធភាព ក្នុងការបង្កើតសួនកសិឧស្សាហកម្ម នៅកម្ពុជា ដែលការសិក្សានេះបានបង្ហាញថា កម្ពុជាពិតជាមានសក្តានុពលក្នុងការបង្កើតសួនកសិឧស្សាហកម្ម ទាំងក្នុងទិដ្ឋភាពតម្រូវការ និងការផ្គត់ផ្គង់ ហើយសួននេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មក្នុងរយៈពេលមធ្យម និងវែង ព្រមទាំងរួមចំណែក ដល់ការដោះស្រាយបញ្ហាប្រឈមនានា នៃវិស័យក​សិកម្ម ដោយទាក់ទាញវិនិយោគឯកជន ក្នុងគោលដៅជំរុញការកែច្នៃកសិផល សំដៅបង្កើនតម្លៃបន្ថែមនៃវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ។

ដោយពិនិត្យឃើញនូវសារៈសំខាន់ទាំងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុម័តក្របខ័ណ្ឌនេះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

ដើម្បីទាក់ទាញការវិនិយោគ លើសួនកសិឧស្សាហកម្មដោយជោគជ័យ និងគ្រប់គ្រងការអភិវឌ្ឍឱ្យប្រព្រឹត្តិទៅដោយរលូន ត្រូវការយន្តការស្ថាប័នច្បាស់លាស់ សម្រាប់ដឹកនាំ សម្របសម្រួល និងគ្រប់​គ្រងការលើកទឹកចិត្តពិសេសឱ្យមានប្រសិទ្ធភាព ព្រមទាំងផ្តល់ទិសដៅជាយុទ្ធសាស្ត្រ លើការអភិវឌ្ឍសួនកសិឧស្សាហកម្ម។

ផ្អែកតាមក្របខ័ណ្ឌនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានប្រគល់តួនាទីជាយន្តការ ច្រកចេញចូលតែមួយ ក្នុងការគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស រួមទាំងសួនកសិឧស្សាហកម្ម ដែលចុះបញ្ជីជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងទទួលការលើកទឹកចិត្តដូចមានចែង ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here