ដោយៈ គង់ សិរីម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផ្នែកឯកជនក្នុងទីផ្សារយានយន្ត បានបើកកិច្ចប្រជុំទាក់ទងនឹងការអភិវឌ្ឈវិស័យយានយន្ត និងអេឡិកត្រូនិកលើកទី៣។
លោកជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងជាអនុប្រធានក្រុមប្រឹក្សាផ្តល់យោបល់ សម្រាប់ការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក (ក.ប.យ.អ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ក.ប.យ.អ.លើកទី៣។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ជាសហប្រធានពីផ្នែកឯកជនចំនួន២រូប៖ លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA (CAMBODIA) PLC.សហប្រធានតំណាងវិស័យយានយន្ត និងលោក Kensuke Watanabeតំណាងលោក Yoshihiro Sakanushi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន MINEBEA (CAMBODIA) CO., LTD. ជាសហប្រធានតំណាងវិស័យអេឡិចត្រូនិកនិងមន្រ្តីពាក់ព័ន្ឋ។
កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗចំនួន៤ រួមមាន ទី១-ពិភាក្សាលើលទ្ធផលគន្លឹះបឋម នៃរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និង អេឡិចត្រូនិកកម្ពុជា ទី២-ពិភាក្សាលើស្ថានភាពបច្ចុប្បន្ន, បញ្ហាប្រឈម និងសំណូមពរក្នុងវិស័យទាំងពីរ ទី៣-កាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។
លោកជា វុទ្ឋីបានគូសបញ្ជាក់ពីសារៈសំខាន់ នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ដែលជាយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចថ្មី ក្នុងការឈានទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងចក្ខុវិស័យកម្ពុជា២០៥០ ហើយនៅក្នុងគោលនយោបាយនេះផងដែរ វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានចាត់ទុកជាវិស័យអាទិភាព និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមជំរុញការផ្លាស់ប្តូរ រចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់។
ជាមួយគ្នានេះ សហប្រធានផ្នែកឯកជនទាំង២ បានថ្លែងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំឱ្យមាននូវកិច្ចប្រជុំ ក.ប.យ.អ. លើកទី៣ នេះឡើង ព្រមទាំងបានបង្ហាញពីឆន្ទៈ ក្នុងការសហការយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមផ្តល់ ជាធាតុចូលសំខាន់ៗនានា សម្រាប់ពិចារណាធ្វើការកែលម្អការអនុវត្ត សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
សហប្រធានផ្នែកឯកជនទាំងពីរ ក៏បានធ្វើបទបង្ហាញស្តីពីស្ថានភាពបច្ចុប្បន្ន និន្នាការសំខាន់ៗ បញ្ហាប្រឈម និងសំណូមពរ នានា ព្រមទាំងបានរំលេច ពីការចូលរួមរបស់ផ្នែកឯកជន ក្នុងការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។ នៅក្នុងបទបង្ហាញនោះ បញ្ហាប្រឈមមួយចំនួន ត្រូវបានលើកឡើងដូចជា៖ បញ្ហាកង្វះកម្លាំងពលកម្មជំនាញ បញ្ហាពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាបន្ទុកផ្នែកបទប្បញ្ញត្តិ ជាដើម។
បន្ថែមលើនេះទៀត តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ ក៏បានធ្វើបទបង្ហាញខ្លី ស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា និងការសហការជាមួយវិស័យឯកជន ដោយផ្តោតសំខាន់លើកាលានុវត្តភាព ក្នុងការអភិវឌ្ឍរួមគ្នានូវកម្មករជំនាញ, កម្មវិធីបណ្តុះបណ្តាលជំនាញរួមគ្នា រវាងរាជរដ្ឋាភិបាល,សហគ្រាសនៃវិស័យឯកជន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល សំដៅធ្វើឱ្យប្រសើរឡើងនូវកម្លាំងពលកម្មជំនាញក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក៕