ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយរបាយការណ៍អភិវឌ្ឍន៍មនុស្ស ឆ្នាំ២០២៥ ក្រោមប្រធានបទ មាគ៌ាដែលត្រូវជ្រើសរើស៖ប្រជាជន និងលទ្ធភាពដែលអាចកើតឡើង ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)។
ពិធីនេះដោយមានការចូលរួម ពីសំណាក់លោកស្រី Ms. Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាតិប្រចាំកម្ពុជា (UNDP) លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តំណាងភ្នាក់ងារនៃអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ តំណាងអង្គទូត ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ប្រមាណ១៥០រូប។
ថ្លែងក្នុងពិធីនេះ លោក ជា វ៉ាន់ដេត បានឱ្យដឹងថា កម្ពុជាបានកំណត់អាទិភាព ដើម្បីអភិវឌ្ឍធនធានមនុស្ស លើផ្នែកបញ្ញាសិប្បនិម្មិត (AI) តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអប់រំជំនាញបញ្ញាសិប្បនិម្មិត (AI) ធានាបាននូវតម្លាភាព គណនេយ្យភាព និងកិច្ចការពារទិន្នន័យ ការបង្កើតបទប្បញ្ញត្តិដែលអាចបត់បែនបានដោយផ្អែកលើហានិភ័យ លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការប្រើប្រាស់ប្រកប ដោយការទទួលខុសត្រូវ ការពង្រឹងសុវត្ថិភាពអ៊ីនធឺណិតនិងភាពធន់ ព្រមទាំងជំរុញភាពជាដៃគូក្នុងរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នអប់រំ និងដៃគូអភិវឌ្ឍន៍។
របាយការណ៍នេះ បានផ្តោតលើទិដ្ឋភាពចំនួន ៣សំខាន់ៗ ជាអាទិ៍ ជំរុញកិច្ចសហប្រតិបត្តិការរវាងមនុស្ស និងបញ្ញាសិប្បនិម្មិតប្រសើរជាងការការប្រកួតប្រជែង ការបញ្ចូលភ្នាក់ងារមនុស្សក្នុងដំណើរវិវត្តនៃបញ្ញាសិប្បនិម្មិតពីការអភិវឌ្ឍរហូតដល់ការអនុវត្ត និងការធ្វើទំនើបកម្មក្នុងវិស័យអប់រំ និងប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងសតវត្សទី២១៕