ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា បានធ្វើឲ្យវិស័យយានយន្តនៅកម្ពុជា ទាក់ទាញទុនវិនិយោគដល់៦៤៧លានដុល្លារ ស្របពេលការនាំចេញ បានកើនដល់ទឹកប្រាក់១១៤០លានដុល្លារអាមេរិកផងដែរ។
ក្រោយពីបានដាក់ចេញនូវផែនទី បង្ហាញផ្លូវនាពេលកន្លងមក ការធ្វើពិពិធកម្មសេដ្ឋកិច្ច បានលេចចេញជាផ្លែផ្កាគួរជាទីមោទនៈ។ ជាក់ស្ដែង នៅឆ្នាំ២០២៤ វិស័យយានយន្តកម្ពុជាទទួលបានទំហំទុនវិនិយោគប្រមាណ៧៤៦លានដុល្លារអាម៉េរិក ខណៈការនាំចេញបានកើនឡើងដល់ប្រមាណ១.១៤០លានដុល្លារអាមេរិក លើសផែនការសម្រាប់ឆ្នាំ២០២៧ មួយផ្នែកធំបានមកពីការវិនិយោគ លើការផលិតសំបកកង់រថយន្តដែលបច្ចុប្បន្នកម្ពុជា ទទួលបានគម្រោងវិនិយោគផលិតសំបកកង់រថយន្តចំនួន៧ ដែលនឹងផ្តល់ជាទីផ្សារធំសម្រាប់កៅស៊ូកម្ពុជា។
ដោយឡែក ការវិនិយោគ និងការនាំចេញក្នុងវិស័យអេឡិចត្រូនិក ក៏បានបង្ហាញនូវនិន្នាការនៃការកើនឡើង បើទោះបីជាបានថយល្បឿនបន្តិចនៅឆ្នាំ២០២៤ ដោយសារនិន្នាការគាំពារនិយម នៅក្នុងពាណិជ្ជកម្មសាកល។
ទិន្ន័យទាំងនេះ ត្រូវបានបង្ហាញនាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចប្រជុំមួយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ ដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤ មុននឹងដាក់ឆ្លងគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នាពេលខាងមុខ។
លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល បានស្វាគមន៍យ៉ាងកក់ក្ដៅដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើ ក៏ដូចជាថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្ត វិធានការផែនទីបង្ហាញផ្លូវ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ក្នុងចក្ខុវិស័យប្រែក្លាយកម្ពុជា ជា “មជ្ឈមណ្ឌលប្រមូលផ្ដុំ សកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក” ចាប់តាំងពីការដាក់ចេញផែនទីបង្ហាញផ្លូវនេះ នៅចុងឆ្នាំ២០២២ រហូតទទួលបាន “សេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤” ។
ជាមួយគ្នានេះ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. និងជាអនុប្រធានលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្ត គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (លេខាធិការដ្ឋាន IDP) បានធ្វើបទបង្ហាញអំពី “សាវតារ និងវឌ្ឍនភាពការងាររបស់ ក.អ.ក. ក្នុងក្របខណ្ឌជំរុញការអនុវត្តផែនទីបង្ហាញផ្លូវ” ព្រមទាំង លោក កែន ដាវីត ទីប្រឹក្សាអម ក.អ.ក. និងជាប្រធានក្រុមស្រាវជ្រាវនៃលេខាធិការដ្ឋាន IDP បានធ្វើបទបង្ហាញស្ដីពី“ សេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤” ដែលមានការចូលរួមពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍នេះ យ៉ាងផុសផុលពីសំណាក់អង្គប្រជុំ។
ជាមួយគ្នានេះ លោកស៊ុន ចាន់ថុលបានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពន្លឿនការផ្ដល់យោបល់ជាលាយលក្ខណ៍អក្សរលើសេចក្ដីព្រាងរបាយការណ៍ ឱ្យបានចប់សព្វគ្រប់ មុនដាក់ឆ្លងគ.ស.ហ. ដើម្បីពិនិត្យ និងអនុម័ត នៅក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៥៕