ក្រុមហ៊ុនបច្ចេកវិទ្យាមានអាយុកាលជាងកន្លះសតវត្សរ៍ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា

ដោយៈ គង់ សិរីម៉ាណា

    ភ្នំពេញៈ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ បានបង្ហាញពីបំណងវិនិយោគលើវិស័យនេះនៅកម្ពុជា ដែលនេះជាការលើកឡើងរបស់ប្រធានក្រុមហ៊ុននេះ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

ព័ត៌មាននេះបានលើកឡើង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញា​តឱ្យ លោកCHEN Simon ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងឱកាសនៃជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពជម្រាបជូនដោយសង្ខេបអំពីក្រុមហ៊ុន ADATA Technology Co., Ltd ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ មានអាយុកាលជាង៥៣ឆ្នាំ។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន៥ ដែលបានចុះបញ្ជីនៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ និងហុងកុង ព្រមទាំងមានការិយាល័យតំណាងជាង៤០ ដែលកំពុងប្រតិបត្តិការអាជីវកម្ម នៅបណ្តាប្រទេសនានាជុំវិញពិភពលោក។

ក្រុមហ៊ុន ADATA Technology Co., Ltd. មានជំនាញផ្នែកគ្រឿងអេឡិចត្រូនិក រ៉ូបូត​ កុំព្យូទ័រ​ បច្ចេកវិទ្យាជីវមាត្រ (Biometrics) និងយានយន្ត។

លោកប្រធានបានបន្តថា នេះជាដំណើរទស្សនកិច្ចលើកទី៤ របស់លោក មកកាន់ប្រទេសកម្ពុជា ហើយក្រុមហ៊ុនមានចំណាប់អារម្ម​ណ៍ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យាទំនើប។ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍ពង្រឹង និងពង្រីកកិច្ចស​ហប្រតិបត្តិការ ជាមួយក្រសួងស្ថាប័នរបស់កម្ពុជា ដើម្បីបណ្តុះបណ្តាល និងកសាងធនធានមនុស្ស​ ផ្នែកបច្ចេកវិទ្យាទំនើបផងដែរ។

ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែង ការស្វាគមន៍ចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុន ដែលបានមកបំពេញទស្សនកិច្ច និងចាប់អារម្មណ៍វិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះ​ភាពរីកចម្រើនរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ និងឈានមុខគេ ខាងវិស័យច្ចេកវិទ្យាទំនើប។

សម្តេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា​​ ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការចាំបាច់នានារបស់​រាជរដ្ឋាភិបាល​ ក្នុងការគាំទ្រដល់បរិស្ថានវិនិយោគនៅកម្ពុជា រួមមាន៖ ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការដាក់ចេញវិធានការចាំបាច់ និងការកែសម្រួលនីតិវិធីពាក់ព័ន្ធ នឹងការវិនិយោគ ព្រមទាំងការដាក់ចេញនូវកញ្ចប់វិធានការ លើកទឹកចិត្តសម្រាប់វិនិយោគិន ជាពិសេសការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here